(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម លើអតីតក៏ដូចជាមន្រ្តីជាន់ខ្ពស់បច្ចុប្បន្ន នៅក្នុងជួររដ្ឋាភិបាលវេណេស៊ុយអេឡា ដោយចោទប្រកាន់ថា បុគ្គលទាំងនោះ បានប្រព្រឹត្តអំពើពុករលួយ និងចាត់ចែងហិរញ្ញវត្ថុក្នុងផ្លូវខុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
បុគ្គលដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មថ្មីខាងលើរួមមា នាយកផ្នែកមួយរូបនៅក្នុងធនាគារជាតិវេណេស៊ុយអេឡា, ប្រធានស្ថាប័នទទួលបន្ទុកមើលការខុសត្រូវលើការគ្រប់គ្រងតម្លៃ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ, ប្រធានរតនាគារជាតិវេណេស៊ុយអេឡា, និងអតីតនាយកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសន្តិសុខសង្គមវេណេស៊ុយអេឡា។
ជាលទ្ធផលនៃការដាក់ពិន័យនេះ រាល់ទ្រព្យសម្បត្តិរបស់បុគ្គល ដែលមានឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្ម ស្ថិតក្រោមដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិក ត្រូវបង្កកចោលទាំងអស់ ហើយពលរដ្ឋអាមេរិកជាទូទៅ មិនត្រូវឲ្យមានទំនាក់ទំនងជាមួយបុគ្គលទាំងនោះឡើយ។
ការប្រកាសដាក់ទណ្ឌកម្មខាងលើ ធ្វើឡើងដោយក្រសួងរតនាគារជាតិអាមេរិក ក្រោយពីមានការចេញបទបញ្ជាប្រតិបត្តិពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់បម្រាមមិនឲ្យមានការធ្វើចរាចរណ៍រូបិយប័ណ្ណឌីជីថលរវាងអាមេរិក និងវេណេស៊ុយអេឡា ក្នុងគោលបំណងបន្តបិទផ្លូវចេញចូល របស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ ជាមួយទីផ្សារហិរញ្ញវត្ថុអាមេរិក។ លោក ត្រាំ បានបញ្ជាក់ថា បទបញ្ជារបស់លោក ធ្វើឡើងដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់រដ្ឋបាលមេដឹកនាំវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីរកផ្លូវគេចវែសពីទណ្ឌកម្ម ដែលអាមេរិកបានដាក់នាពេលកន្លងមកនេះ។
គួរជម្រាបថា រដ្ឋាភិបាលវេណេស៊ុយអេឡា បាននិងកំពុងបន្តស្ថិតក្រោមការដាក់សម្ពាធនិងទណ្ឌកម្មកាន់តែខ្លាំងឡើងៗ ពីក្រៅប្រទេស រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្រោមការចោទប្រកាន់ ដោយពុំមានភស្តុតាងអំពីការក្លែងបន្លំសន្លឹកឆ្នោត ការប្រព្រឹត្តអំពើពុករលួយ និងបង្កឲ្យមានភាពក្រីក្រទូទាំងប្រទេស។ ប្រធានាធិបតីវេណេស៊ុយអេឡា ក៏ធ្លាប់បើកចំហសុំកិច្ចចរចាជាមួយអាមេរិកផងដែរ ប៉ុន្តែអ្វីៗប្រហែលជាហួសពេល និងមិនអាចទៅរួចនោះឡើយ៕