នាយករដ្ឋមន្ត្រីចិន៖ «សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក នឹងគ្មានអ្នកឈ្នះនោះឡើយ...»
20-03-2018 11:39
(ប៉េកាំង)៖ នាយរដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang) បានធ្វើការកត់សម្គាល់ថា បើសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើងពិតមែន នោះរវាងសហរដ្ឋអាមេរិក និងចិន មិនមានអ្នកណាមួយឈ្នះក្នុងសង្រ្គាមនេះទេ ហើយលោកសង្ឃឹមថា ប្រទេសទាំងពីរអាចរក្សាភាពស្ងប់ស្ងាត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយការបិទសម័យប្រជុំសភាប្រជាជនចិន លោក លី ខឺជាំង បានលើកឡើងយ៉ាងដូច្នេះថា «ស្ថេរភាពនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក នឹងផ្ដល់មានភាពល្អប្រសើរសម្រាប់ពិភពលោក»។ លោក លី បន្ថែមថា ចិនមិនចង់ឃើញវិវាទពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើយ ហើយទីក្រុងប៉េកំាងក៏សង្ឃឹមដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្ធូរបន្ថយលើការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ៗ មកកាន់ប្រទេសចិន។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៨ ខែមីនា បានប្រើប្រាស់អំណាចប្រតិបត្តិរបស់លោក ដោយចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ស្ដីពីការតម្លើងពន្ធលើការនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយមកកាន់សហរដ្ឋអាមេរិក បើទោះជាមានការជំទាស់ពីប្រទេសជាច្រើន ជាពិសេសគឺចិនក៏ដោយ៕