(ប៊ែរឡាំង)៖ ការសិក្សាស្រាវជ្រាវមួយរបស់ សាកលវិទ្យាល័យ ខែមធិន (Kempten University) ក្នុងប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ការធ្វើដំណើរតាមរថយន្ដ ដែលប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង បានធ្វើឱ្យអ្នកដំណើរមានភាពតានតឹង ឬស្ត្រេស ជាជាងការធ្វើដំណើរតាមរថយន្ដធម្មតា មានមនុស្សបើកបរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
យោងតាម Kempten University ការសិក្សាខាងលើ ធ្វើឡើងតាមរយៈការសាកសួរលើមនុស្ស ៥០នាក់ មានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ ដែលត្រូវបានគេតាមដានសកម្មភាព នៅពេលពួកគេបើកបររថយន្ដ បំពាក់បច្ចេកវិទ្យាបញ្ជាចង្កូតដោយខ្លួនឯង។
ជាងនេះទៅទៀត ការសិក្សាដដែល ក៏បានបញ្ជាក់ដែរថា ភាពតានតឹង ឬស្រ្ដេស បានកើតឡើង ក្រោយពីប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិដំណើរការ។ ពោលគឺគ្រាន់តែ ប្រព័ន្ធនេះដំណើរការ អ្នកបើកបរគឺមានអារម្មណ៍ថា មិនស្រួលដោយមិនអាច បញ្ជាឱ្យវាមានល្បឿនលឿន និងជួនកាលក៏ជួបបញ្ហាបច្ចេកទេសមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធបញ្ជាដោយ ស្វ័យប្រវតិ្តមិនអាចធានាសុវត្ថិភាពដល់អ្នកដំណើរ ១០០% នោះឡើយ។
គួរបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា បញ្ជារថយន្ដបើកបរដោយខ្លួនឯង អាល្លឺម៉ង់ត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ ១៨.៤៧លានដុល្លារ ក្នុងការសាងសង់មជ្ឈមណ្ឌលរថយន្ដមួយ ដែលគ្រោងនឹងបើកនៅក្នុងទីក្រុង Bavaria នៅឆ្នាំ២០១៩៕