(ម៉ូស្គូ)៖ បន្ទាប់ពីជាប់ឆ្នោតបន្តធ្វើជាមេដឹកនាំប្រទេស សម្រាប់រយៈពេល ០៦ឆ្នាំទៀត ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រូបលោកកំពុងរៀបចំគំរោងកាត់បន្ថយការចំណាយ លើវិស័យយោធាសម្រាប់ឆ្នាំ២០១៨នេះ និងឆ្នាំ២០១៩ខាងមុខ ខណៈដែលប្រទេសរបស់លោកនឹងងាកទៅផ្តោតសំខាន់ លើការដោះស្រាយបញ្ហាក្នុងប្រទេសជាតិជាចម្បងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងជំនួបពិភាក្សានៅឯវិមានក្រឹមឡាំង ជាមួយបណ្តាបេក្ខភាពនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៨ ខែមីនា លោក ពូទីន បានលើកឡើងថា គម្រោងកាត់បន្ថយនេះ នឹងមិនប៉ះពាល់ដល់សមត្ថភាពការពារប្រទេសរបស់រុស្ស៊ីឡើយ ដោយសារតែរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានធ្វើការវិនិយោគគ្រប់គ្រាន់រួចស្រេចទៅហើយ ក្នុងការអភិវឌ្ឍប្រព័ន្ធសព្វាវុធថ្មីៗ កាលពីឆ្នាំមុនៗ។
លោកប្រធានាធិបតីរុស្ស៊ីជើងចាស់រូបនេះ បានបន្តដូច្នេះថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាឲ្យបានថា រាល់បញ្ហាជម្លោះជាមួយដៃគូរបស់យើង នឹងអាចត្រូវដោះស្រាយបានតាមមធ្យោបាយការទូត និងនយោបាយ ហើយយើងនឹងមិនចូលរួមក្នុងការប្រកួតប្រជែង ផ្នែកសព្វាវុធនោះឡើយ»។ លោក ពូទីន បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងផ្តោតទៅលើបញ្ហាក្នុងប្រទេសនាពេលអនាគត រួមមានកំណើនសេដ្ឋកិច្ច, នាវានុវត្តន៍(ការបង្កើតថ្មី), វិស័យសុខាភិបាល, ការអប់រំ, វិស័យវិទ្យាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធ, និងសុខុមាលភាពរបស់ប្រជាជនរុស្ស៊ី។
គួរជម្រាបថា បើតាមទិន្នន័យនៃគណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៊ី លោក ពូទីន បានឈ្នះឆ្នោតសម្រាប់អាណត្តិទីបួនរបស់លោក កាលពីថ្ងៃអាទិត្យកន្លងទៅ ជាមួយសំឡេងឆ្នោតច្រើនជាង ៧៦ភាគរយ ហើយលោកនឹងបន្តដឹកនាំប្រទេសរុស្ស៊ីរហូតដល់ឆ្នាំ២០២៤៕