មហាយក្សចិនព្រមាន «ប្រើយោធាដោះស្រាយបញ្ហា ជាមួយកោះតៃវ៉ាន់» ប្រសិនបើព្រឹទ្ធសភាអាមេរិក យល់ព្រមច្បាប់ធ្វើដំណើររវាងកោះតៃវ៉ាន់នោះ!
20-03-2018 10:14
(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន Global Times បាននិយាយថា រដ្ឋាភិបាលចិននឹងហើយត្រូវតែចាត់វិធានការ ឆ្លើយតបចំពោះសហរដ្ឋអាមេរិក តាមរយៈការដាក់សម្ពាធយោធា បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើ «ច្បាប់ធ្វើដំណើរតៃវ៉ាន់» ដែលនឹងជំរុញឱ្យមន្ត្រីអាមេរិក និងតៃវ៉ាន់ ផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃអាទិត្យ Global Times បានព្រមានយ៉ាងដូច្នេះថា «ចិនប្រាកដជានិងចាត់វិធានការឱ្យបានទាន់ពេលវេលា ប្រឆាំងនឹងសហរដ្ឋអាមេរិក និងរាល់កងកម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ទាំងអស់ តាមមធ្យោបាយការទូត និងយោធា បើសិនជាសភាអាមេរិក យល់ព្រមឱ្យការទំនាក់ទំនងកំរិតខ្ពស់រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ត្រូវអនុវត្តន៍»។ បន្ថែមពីលើនេះ អតីតឧត្ដសេនីយចិន លោក ស៊ូ ក្វាងយូ (Xu Guangyu) ច្បាប់ធ្វើដំណើរតៃវ៉ាន់ គឺជាការបង្ករឿងយ៉ាងធ្ងន់ធ្ងរ ហើយបាន រំលោភលើបន្ទាត់ក្រហមនៃគោលនយោបាយចិនតែមួយ ដែលនេះអាចនឹងបំផ្លាញដល់ទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយ ហើយវាក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលចិនព្រមានចាត់វិធានការលើតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ សម្រាប់ចិន តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ព្រមទាំងធ្លាប់បានប្រកាសជាសាធារណៈ ជាច្រើនដងថា នឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារលើតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសផ្ដាច់ខ្លួនចេញពីចិនដីគោក៕