(វ៉ាស៊ីនតោន)៖ កងកម្លាំងទ័ពអាកាសអាមេរិក នៅរដូវខាងមុខនេះ នឹងធ្វើតេស្ដលើអាវុធឡាស៊ែរថ្មីមួយរបស់ខ្លួន ដែលនឹងត្រូវ បំពាក់លើយន្ដហោះចម្បាំងបំបាំងកាយ F-15។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ដោយសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
កាលពីឆ្នាំមុន មន្ទីរបញ្ចកោណបានទម្លាក់កញ្ចប់ថវិកា ២៦លានដុល្លារ លើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ដើម្បីផលិតអាវុធឡាស៊ែរក្រោមឈ្មោះថា SHiELD។ មួយវិញទៀត គំនិតបង្កើតអាវុធឡាស៊ែរនេះ គឺមានគោលដៅបំពាក់លើយន្ដហោះចម្បាំង F-15 ក្នុងកម្លាំង ៥០គីឡូវ៉ាត់ ដែលអាចមានសមត្ថភាពបាញ់កម្ទេចយន្ដហោះគ្មានមនុស្ស បើក និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក។
ជុំវិញគំរោងធ្វើតេស្ដនេះដែរ មន្ត្រីជាន់ខ្ពស់មកពីកងកម្លាំងទ័ពអាកាសអាមេរិក លោក Jeff Stanley បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «យើងនឹងចាប់ផ្ដើមធ្វើតេស្ដលើអាវុធឡាស៊ែរថ្មី និងការហោះហើរនៅរដូវក្ដៅនេះ តែវានៅតែមានបញ្ហា មួយចំនួនត្រូវដោះស្រាយក្នុងនោះមានដូចជា ទំហំ ទម្ងន់ និងថាមពល»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ សហរដ្ឋអាមេរិកក៏ធ្លាប់បានធ្វើតេស្ដលើអាវុធឡាស៊ែរ មានកម្លាំង ៣០គីឡូវ៉ាត់ ដែលបំពាក់ លើនាវាចម្បាំងអាមេរិក USS Ponce ផងដែរ៕