BREAKING NEWS: កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក «ត្រៀមរៀបចំសមយុទ្ធប្រចាំឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមេសា» ក្រោមក្រសែភ្នែកកូរ៉េខាងជើង!
20-03-2018 09:25
(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងដឹកនាំការធ្វើ សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមេសា ខាងមុខនេះ ទោះបីជាវានឹងអាចធ្វើឲ្យកូរ៉េខាងជើង មានភាពក្តៅក្រហាយឡើងវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងយ៉ាងដូច្នេះថា «ប្រមុខយោធានៃប្រទេសទំាងពីរ បានព្រមព្រៀងថា នឹងដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ Key Resolve និង Foal Eagle នៅលើទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានផ្អាកឈរលើស្មារតី នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ ការធ្វើសមយុទ្ធយោធានឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី០១ ខែមេសា ហើយវានឹងត្រូវដំណើរការដូចឆ្នាំមុនៗ»។
គួរបញ្ជាក់ថា ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបញ្ជាក់ថា ពេលណាសមយុទ្ធនេះនឹងត្រូវបញ្ចប់ និងមានកងទ័ពចំនួនប៉ុន្មាន ចូលរួមនោះទេ។ ក៏ប៉ុន្តែការប្រកាសនេះ កើតមានឡើងនៅចំពេលទីក្រុងសេអ៊ូល កំពុងរៀបចំនីតិវិធីសម្រាប់កិច្ចប្រជុំអន្តរកូរ៉េ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមេសាខាងមុខនេះ៕