(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបន្តដឹកនាំប្រទេសរុស្ស៊ីរយៈពេល ០៦ឆ្នាំទៀត ក្នុងអាណត្តិទី ៤ របស់លោក បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី យ៉ាងងាយស្រួលបំផុត នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ៕
២៖ ហេតុការណ៍ផ្ទុះដ៏ភ្ញាក់ផ្អើលមួយ បានកើតមានឡើងនៅក្រុងទីក្រុង អូស្ទីន (Austin) នៃរដ្ឋតិចសាស់ ភាគខាងត្បូង សហរដ្ឋអាមេរិក បានបណ្តាលឲ្យជនរងគ្រោះជាបុរសចំនួន ០២នាក់ ទទួលរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ៕
៣៖ ក្រុមរដ្ឋអាជ្ញាទីក្រុងសេអ៊ូល នាថ្ងៃចន្ទនេះ បានស្នើឲ្យមានការចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ ពាក់ព័ន្ធការចោទប្រកាន់ជាច្រើនរឿងពុករលួយ អំឡុងពេលដែលលោកកាន់អំណាចជាប្រធានាធិបតី៕
៤៖ អង្គការ NASA បញ្ចេញរូបភាពថ្មីមួយផ្សេងទៀត នៃព្យុះដ៏ខ្មួលខ្មាញ់នៅលើភពព្រហស្បតិ៍ (Jupiter) ដែលត្រូវបានកែច្នៃ បន្ថែមពណ៌តាមបែបធម្មជាតិ ឲ្យមានពណ៌ក្រហមប្លែកអស្ចារ្យមែនទែន៕
៥៖ ព្រឹទ្ធសមាជិកអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ បានចេញមុខព្រមាន លោក ដូណាល់ ត្រាំ មិនឱ្យបណ្ដេញរដ្ឋអាជ្ញា ពិសេសអាមេរិក លោក Robert Mueller ចេញពីតំណែងឡើយ ហើយថាលោកប្រធានាធិបតី គួរតែទុកឱ្យលោក Mueller បន្តធ្វើការងាររបស់លោក ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕
៦៖ ក្រុមអ្នកតំណាងរាស្រ្ត នៅលើដែនដីនៅឯនាយសមុទ្រដ៏តូចមួយរបស់ ប្រទេសបារាំង គឺតំបន់ New Caledonia បានបោះឆ្នោតនាថ្ងៃចន្ទនេះ ដើម្បីធ្វើប្រជាមតិមួយនៅថ្ងៃទី០៤ ខែវិច្ឆិកា ដើម្បីប្រកាសឯករាជ្យចាកចេញពី ម្ចាស់អាណានិគមចាស់របស់ខ្លួនមួយនេះ៕