(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាទីក្រុងសេអ៊ូល នាថ្ងៃចន្ទនេះ បានស្នើឲ្យមានការចាប់ខ្លួន អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ ពាក់ព័ន្ធការចោទប្រកាន់ជាច្រើនរឿងពុករលួយ អំឡុងពេលដែលលោកកាន់អំណាចជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពី AFP នាល្ងាចថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
ការទាមទារឲ្យមានការចាប់ខ្លួនលោកនេះ គឺក្រុមរដ្ឋអាជ្ញា នៃតុលាការទីក្រុងសេអ៊ូលមានការព្រួយបារម្ភថា ភស្តុតាងនានានឹងត្រូវបំផ្លាញចោល ប្រសិនបើតុលាការបណ្តោយឲ្យលោក លី ម្យុងបាក់ មានសេរីភាពនៅក្រៅការឃ្លាំមើល ឬឃុំឃាំងជាបណ្តោះអាសន្ននោះ។ បច្ចុប្បន្ននេះលោក លី មានអាយុ ៧៦ឆ្នាំហើយ ដោយលោកធ្លាប់កាន់តំណែងជា ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងអាណត្តិឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បន្ទាប់មកទើបលោកស្រី ផាក គឺនហេ ឡើងកាន់តំណែងបន្ត ក្រោយជាប់ឆ្នោតកាលពីឆ្នាំ២០១៣ (ប្រធានាធិបតីកូរ៉េខាងត្បូង អាចកាន់អំណាចបានតែ ១អាណត្តិ ប៉ុណ្ណោះ ក្នុងមួយជីវិតនយោបាយ ដោយមានរយៈពេល ០៥ឆ្នាំ)។
គួរបញ្ជាក់ថា លោក លី ម្យុងបាក់ (Lee Myung-bak) ក៏ធ្លាប់បានបង្ហាញមុខចំពោះព្រះរាជអាជ្ញា នៃតុលាការទីក្រុងសេអ៊ូលម្តងរួចមកហើយ ដើម្បីធ្វើការស្រាយបំភ្លឺ ជុំវិញបទចោទប្រកាន់នានាមកលើរូបលោក ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។ លោកបានបង្ហាញខ្លួន នៅចំពោះមុខតុលាការនៃសង្កាត់ ភាគកណ្តាលទីក្រុងសេអ៊ូល ក្នុងនាមជនសង្ស័យនៃការប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពីមានការចោទប្រកាន់ថា លោកបានទទួលប្រាក់សំណូក ១០លានដុល្លារ ពីក្រុមហ៊ុន និងទីភ្នាក់ងារស៊ើបអង្កេតនានានៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក លី បានក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងចុងក្រោយហើយ ដែលត្រូវបានក្រុមរដ្ឋអាជ្ញាធ្វើការស៊ើបអង្កេត ជុំវិញករណីពុករលួយ ខណៈដែលសាលក្រមទៅលើអតីតប្រធានាធិបតីមួយរូបទៀត គឺលោកស្រី ផាក គឺនហេ ដែលត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០១៧ ជុំវិញករណីពុករលួយដែរនោះ នឹងត្រូវប្រកាសនៅអំឡុងខែមេសា ខាងមុខនេះហើយ៕