(បារាំង)៖ ក្រុមអ្នកតំណាងរាស្រ្ត នៅលើដែនដីនៅឯនាយសមុទ្រដ៏តូចមួយរបស់ ប្រទេសបារាំង គឺតំបន់ New Caledonia បានបោះឆ្នោតនាថ្ងៃចន្ទនេះ ដើម្បីធ្វើប្រជាមតិមួយនៅថ្ងៃទី០៤ ខែវិច្ឆិកា ដើម្បីប្រកាសឯករាជ្យចាកចេញពី ម្ចាស់អាណានិគមចាស់របស់ខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
អស់រយៈពេលជាច្រើនឆ្នាំ តំបន់ New Caledonia បានជួបប្រទះបញ្ហាវិវាទផ្នែកនយោបាយយ៉ាងដុនដាប រវាងក្រុមអ្នកគាំទ្រចង់បានឯករាជ្យ និងក្រុមអ្នកដែលបានប្តេជ្ញាបន្តចង់ឲ្យតំបន់នេះ នៅតែជាផ្នែកមួយរបស់ប្រទេសបារាំង។ ភាពវឹកវរបានអុកឡុកតំបន់ប្រជុំកោះនេះ កាលពីពាក់កណ្តាលទសវត្សន៍ឆ្នាំ៨០ ដែលបានបណ្តាលឲ្យមនុស្សប្រមាណ ៧០នាក់ ត្រូវគេជឿជាក់ថា បានបាត់បង់ជីវិត។
នាឆ្នាំ១៩៩៨ កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខាដោយបារាំង និងតំបន់ New Caledonia ដែលបានសន្យាអំពីស្វ័យភាព ដែលល្អជាងមុនសម្រាប់ប្រជាជន New Caledonia។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ធ្វើប្រជាមតិដើម្បីប្រកាសឯករាជ្យឡើងវិញ ចាំបាច់ត្រូវតែធ្វើឡើងនៅចុងឆ្នាំ២០១៨។ នាថ្ងៃចន្ទនេះកាលបរិច្ឆទជាក់លាក់ក៏ត្រូវបានកំណត់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
គួរជម្រាបថា តំបន់ New Caledonia ដែលជាដែនដីរដ្ឋបាលរបស់ប្រទេសបារាំងនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក និងផ្ទៃដីទំហំប្រមាណ ១៨,៥៧៦គីឡូម៉ែត្រក្រឡា និងប្រជាជនជីត ៣០០,០០០នាក់៕