(វ៉ាស៊ីនតោន)៖ ទីបំផុតសេតវិមានបានចេញមុខប្រកែកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពុំមានគម្រោងដើម្បីបណ្តេញរដ្ឋអាជ្ញាពិសេស លោក រ៉ូបឺត មូលើ (Robert Mueller) ចេញពីតំណែងនោះឡើយ បន្ទាប់ពីការរិះគន់ក៏ដូចជាព្រមានធ្ងន់ៗប្រឆាំងនឹង ការគំរាមកំហែងរបស់ លោក ត្រាំ ចំពោះការស៊ើបអង្កេតទ្រង់ទ្រាយធំ ទៅលើអាស្រូវដែលចោទថារុស្ស៊ី បានចូលលូកលាន់ក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
ការបញ្ជាក់អះអាងខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់មេធាវីប្រចាំសេតវិមាន លោក ថៃ ខុប (Ty Cobb) ដែលបានលើកឡើងដូច្នេះថា «ជាការបកស្រាយឆ្លើយតប ចំពោះការសន្និដ្ឋានមិនច្បាស់ការ របស់បណ្តាញសារព័ត៌មាន នានា ព្រមទាំងសំណួរពាក់ព័ន្ធដទៃៗទៀត ដែលកំពុងបាញ់មុខព្រួញមកលើរដ្ឋាភិបាល។ សេតវិមានជាថ្មីម្តងទៀត សូមបញ្ជាក់ថា លោកប្រធានាធិបតី ពុំមានគម្រោងបណ្តេញលោក Robert Mueller ចេញពីតំណែងឡើយ ឬសូម្បីតែពិគ្រោះអំពីរឿងនេះ»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ នាចុងសប្តាហ៍នេះ បានចាប់ផ្តើមបង្ហោះសារជាច្រើន វាយប្រហារសាជាថ្មីទៅលើការស៊ើបអង្កេតរបស់ លោក Mueller ដោយរួមមានទាំងថា វាមិនគួរទទួលបានការអនុញ្ញាតឲ្យបើកឡើងនោះឡើយ។ យ៉ាងណាមិញ ទង្វើរបស់លោក ត្រាំ បានបង្កក្តីព្រួយបារម្ភជាខ្លាំង នៅក្នុងចំណោមក្រុមអ្នកតំណាងរាស្រ្តអាមេរិក សូម្បីតែមន្រ្តីក្នុងបក្សសាធារណរដ្ឋរបស់លោក ត្រាំ ក៏បានដាស់តឿនឲ្យលោកបញ្ឈប់ការគំរាមកំហែងនេះដែរ ពីព្រោះថាបើមិនដូច្នោះទេ វាអាចជាទីអវសាននៃការកាន់អំណាចរបស់លោក៕