(ឡុងដ៍)៖ ក្រុមអ្នកជំនាញអន្តរជាតិ នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើតេស្ដលើសារធាតុគីមី ពុលដែលត្រូវបានគេប្រើប្រាស់ ដើម្បីបំពុលសម្លាប់អតីតមន្ត្រីចារកម្មរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់លោក កាលពីដើមខែមីនា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
យោងតាម BBC ក្រុមអ្នកជំនាញមកពីអង្គការហាមឃាត់អាវុធគីមី (OPCW) នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ មូលដ្ឋានស្រាវជ្រាវយោធាមួយ ស្ថិតនៅឯឧទ្យានវិទ្យាសាស្ត្រ ផតតុន ដោន (Porton Down) នៃតំបន់ វីលស៊ឺ (Wiltshire)។ ការធ្វើដំណើរទស្សនកិច្ចនេះ កើតមានឡើងនៅចំពេលរុស្ស៊ី និងអង់គ្លេស កំពុងធ្វើសង្រ្គាមបណ្ដេញមន្ត្រីទូត ២៣នាក់ រៀងៗខ្លួនចេញពីប្រទេស បន្ទាប់ពីអង់គ្លេស ចោទថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំពុលសម្លាប់ លោក Sergei Skripal។
ក៏ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ម្សិលមិញលោក វ្ល៉ាឌីមៀ ពូទីន ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីសាជាថ្មី បានច្រានចោល រាលការចោទប្រកាន់ទាំងឡាយ ដោយទុកថាវាគឺជារឿងស្រមើប្រម៉ៃ ហើយមិនតែប៉ុណ្ណោះលោកក៏បានបញ្ជាក់ដែរថា ទីក្រុងម៉ូស្គូ បានបំផ្លាញអាវុធគីមីរបស់ខ្លួនទាំងអស់។ ដូច្នេះលោកថា ការចោទប្រកាន់របស់អង់គ្លេស ឬសហរដ្ឋអាមេរិក គឺជារឿងគ្មានន័យ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន លោក Sergei Skripal មានអាយុ ៦៦ឆ្នាំ និងកូនស្រីរបស់លោក យូលៀ (Yulia Skripal) អាយុ ៣៣ឆ្នាំ នៅតែបន្តស្ថិតនៅក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹងនៅឯមន្ទីរពេទ្យ។ អាជ្ញាធរអង់គ្លេស បានរកឃើញថា អ្នកទាំងពីរត្រូវបានគេបំពុល នៅក្បែរផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Salisbury កាលពីថ្ងៃទី០៤ ខែមីនា ហើយប៉ុនប៉ងសម្លាប់នេះទៀតសោតកើតមាន ឡើងក្រោយលេចព័ត៌មានថា អតីតមន្ត្រីចារកម្មរុស្ស៊ីរូបនេះ បានលក់ព័ត៌មានសំងាត់ជាច្រើនឱ្យអង់គ្លេស ពាក់ព័ន្ធនឹងចំនួនចារកិច្ចរុស្ស៊ីនៅអឺរ៉ុប៕