(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បាននិយាយថា វាមិនសមហេតុសមផលទាល់តែសោះ ដែលប្រទេសមួយចំនួនគិតថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ ជាអ្នកនៅពីក្រោយការដាក់ថ្នាំបំពុល ដើម្បីសម្លាប់អតីតមន្រ្តីចារកម្មរុស្ស៊ី គឺលោក Sergei Skripal រួមជាមួយនិងកូនស្រីរបស់លោក ដែលទាំងពីរនាក់ឪពុក និងកូន នាខណៈពេលនេះ កំពុងបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង នៅឯមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
អាជ្ញាធរអង់គ្លេសបានអះអាងថា លោក Skripal និងកូនស្រី ត្រូវបានគេបំពុលដោយប្រើសារធាតុគីមី កាលពីសម័យសូវៀតមានឈ្មោះថា Novichok ហើយរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Boris Johnson នាថ្ងៃអាទិត្យដដែល បាននិយាយថា រុស្ស៊ីបាននិងកំពុងស្តុកទុកសារធាតុគីមីដ៏កាចសាហាវនេះ ព្រមទាំងស្រាវជ្រាវថា តើអាវុធបែបនេះ អាចត្រូវយកទៅប្រើប្រាស់តាមរបៀបណាខ្លះ ដើម្បីធ្វើឃាតមនុស្ស។
យ៉ាងណាមិញ នៅក្នុងការធ្វើអត្ថាធិប្បាយលម្អិតលើកដំបូងបំផុតជុំវិញរឿងនេះ លោក ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ី ត្រូវបានគេចោទប្រកាន់ទាំងយល់ច្រឡំ។ លោកប្រធានាធិបតីរុស្ស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានដឹងអំពីសោកនាដកម្ម នៅចក្រភពអង់គ្លេសនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ហើយអ្វីដែលលោកនឹកឃើញដំបូងគេនោះគឺថា ប្រសិនបើថ្នាំពុលជាប្រភេទយោធា ដូចទៅនឹងអាជ្ញាធរអង់គ្លេសអះអាងមែននោះ ជនរងគ្រោះច្បាស់ជាបានស្លាប់នៅហ្នឹងកន្លែងបាត់ទៅហើយ។
លោក ពូទីន បានបន្តថា ម៉្យាងវិញទៀត រុស្ស៊ីពុំមានសព្វាវុធបែបនេះឡើយ ដោយខ្លួនបានកម្ទេចរាល់អាវុធគីមីទាំងអស់ ដែលរុស្ស៊ីធ្លាប់មាននៅក្រោមការត្រួតពិនិត្យរបស់បណ្តាអង្គការអន្តរជាតិ។ ដោយឡែកទោះបីជាមានភាពតានតឹងនឹងគ្នាជុំវិញបញ្ហានេះក្តី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយទីក្រុងឡុងដ៍។
គួរជម្រាបថា ជុំវិញការលួចបំពុលអតីតមន្រ្តីចារកម្មរុស្ស៊ីនៅលើទឹកដីចក្រភពអង់គ្លេសនេះ រដ្ឋាភិបាលទីក្រុងឡុងដ៍ បានសម្រេចបណ្តេញមន្រ្តីទូតរុស្ស៊ី ២៣នាក់ នៅទីក្រុងឡុងដ៍ ឲ្យទៅប្រទេសដើមវិញ ខណៈជាការសងសឹកទីក្រុងម៉ូស្គូ បានសម្រេចបណ្តេញទូតអង់គ្លេស ក្នុងចំនួនដូចគ្នាចេញពីប្រទេសវិញ៕