(ប៉េកាំង)៖ ចិនបានសម្ដែងការជំទាស់យ៉ាងដាច់អហង្កា ចំពោះ «ច្បាប់ធ្វើដំណើររវាងកោះតៃវ៉ាន់» ឬ «Taiwan Travel Act» ដែលត្រូវបានចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ច្បាប់ថ្មីនេះមានគោលបំណង លើកកម្ពស់ដល់ការធ្វើដំណើរទស្សនកិច្ច រវាងក្រុមមន្ត្រីអាមេរិក និងតៃវ៉ាន់គ្រប់ជាន់ថ្នាក់ទាំងអស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីសៅរ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ កៀន (Wu Qian) ចាត់ទុកថា ការបង្កើតច្បាប់ធ្វើដំណើរតៃវ៉ាន់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើគោលនយោបាយចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចំនួនបី រវាងសហរដ្ឋអាមេរិក និងចិន។
លោក Wu បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ច្បាប់ធ្វើដំណើររវាងកោះតៃវ៉ាន់ គឺជាការលូក ដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ព្រមទាំងបំផ្លាញដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក... ដូច្នេះទីក្រុងប៉េកាំង ស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការផ្លាស់ប្ដូរទស្សនកិច្ចជាមួយតៃវ៉ាន់ និងការលក់អាវុធឱ្យទីក្រុងតៃប៉ិ រួមទាំងកាត់ផ្ដាច់ទំនាក់ទំនងយោធា ជាមួយដែនកោះរបស់ចិនមួយនេះផងដែរ»។
គួរបញ្ជាក់ថា ក្រសួងការពារជាតិចិន ធ្លាប់បានព្រមានថា ច្បាប់ធ្វើដំណើរតៃវ៉ាន់នេះ គឺមានន័យស្មើទីក្រុងត៉ៃប៉ិ កំពុងនាំភ្លើងចូលផ្ទះ និងប្រៀបបានទៅនឹងការលើកទឹកចិត្ត ដល់ចលនាផ្ដាច់ទឹកដីរបស់តៃវ៉ាន់។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងថែមទាំងបញ្ជាក់ទៀតថា ខ្លួននឹងមិនរាករែកឡើយក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីការពារដែនអធិបតេយ្យភាពរបស់ចិន៕