(អាមេរិក)៖ ហេតុការណ៍ផ្ទុះដ៏ភ្ញាក់ផ្អើលមួយ បានកើតមានឡើងនៅក្រុងទីក្រុង អូស្ទីន (Austin) នៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក បានបណ្តាលឲ្យជនរងគ្រោះជាបុរសចំនួន ០២នាក់ ទទួលរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយស្ថានីយទូរទស្សន៍អាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
ហេតុការណ៍ខាងលើបានកើតមានឡើង ចំពេលដែលទីក្រុង Austin នេះ បានទទួលរងគ្រោះដោយសារករណីផ្ទុះ ស្រដៀងគ្នានេះជាបន្តបន្ទាប់ ពោលគឺមិនដល់មួយសប្តាហ៍នោះឡើយ ក្រោយពីប៉ូលិសអាមេរិក បានបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែក ដោយលាក់ក្នុងកញ្ចប់ចំនួន ០៣ករណី ដែលបានកើតឡើងក្នុងអំឡុងពេល ១០ថ្ងៃកន្លងទៅនេះ មានជាប់ពាក់ព័ន្ធគ្នា។ ហេតុការណ៍ផ្ទុះទាំងបីលើកនោះ បានបង្កឲ្យបុរសម្នាក់ ព្រមទាំងក្មេងជំទង់ម្នាក់បាត់បង់ជីវិត ហើយមនុស្ស ០២នាក់ទៀតរបួស។
គួរជម្រាបថា ប៉ូលិសពុំទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេថា ហេតុការណ៍ផ្ទុះចុងក្រោយបំផុតនេះ មានជាប់ទាក់ទឹងនឹងហេតុការណ៍ទាំងបីលើកមុនដែរ ឬយ៉ាងណានោះឡើយ៕