(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងរៀបចំទទួលស្វាគមន៍ដំណើរយាងបំពេញទស្សនកិច្ច ព្រះបុត្រាស្នងរាជ្យ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកកាន់រដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
រយៈពេល ១០ខែ ក្រោយពីការជួបមុខគ្នាម្តងហើយ រវាងលោក ត្រាំ និងព្រះអង្គម្ចាស់ ម៉ូហាំម៉ាត់ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman) ដែលជារាជទាយាទរបស់អារ៉ាប៊ីសាអូឌីត នៅឯទីក្រុងរីយ៉ាដ ប្រធានាធិបតីអាមេរិកវ័យ ៧១ឆ្នាំ និងព្រះរាជបុត្រវ័យក្មេងពោពេញដោយឥទ្ធិពល មានព្រះជន្មទើបតែ ៣២ព្រះវស្សាអង្គនេះ ត្រូវគេរំពឹងថា នឹងរឹតចំណងមិត្តភាពដែលមានភាពកក់ក្តៅរួចស្រេចទៅហើយនេះ ឲ្យកាន់តែរឹងមាំ និងរីកធំធាត់ថែមទៀត។
គួរជម្រាបថា ព្រះអង្គម្ចាស់ Mohammed ត្រូវបានព្រះបិតារបស់ទ្រង់ គឺព្រះចៅ សាល់ម៉ាន់ (Salman) ជ្រើសតាំងជាព្រះបុត្រាស្នងរាជ្យ កាលពីខែមិថុនា ឆ្នាំ២០១៧ ហើយចាប់តាំងពីពេលនោះមក រាជទាយាទអង្គនេះ បានចេញគម្រោងកែទម្រង់ធំៗគួរឲ្យកត់សម្គាល់ជាច្រើន នៅក្នុងព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ាមួយនេះ ជាពិសេសនោះ គឺការបោសសម្អាតអំពើពុករលួយ នៅក្នុងជួររាជវង្សទាំងមូល ព្រមទាំងនៅក្នុងជួរកំពូលមហាសេដ្ឋី ប្រចាំប្រទេសសំបូរប្រេងបំផុតលំដាប់លេខ ២ នៅលើលោកមួយនេះ៕