(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងបន្តកាន់តំណែងរបស់លោកដដែល ហើយលោកក៏ត្រូវបានគេតម្លើង តំណែងជាទីប្រឹក្សារដ្ឋផងដែរ។ នេះបើតាមបញ្ជីឈ្មោះតែងតាំងដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
ការតម្លើងតំណែងលោក វ៉ាង យី នៅពេលធ្វើឡើង នៅក្រោយពេលគណបក្សកុម្មុយនិស្ដចិន បានដាក់ចេញនូវការធ្វើកំណែ ទម្រង់ទ្រង់ទ្រាយធំមួយរបស់រដ្ឋាភិបាល។ បន្ថែមពីលើ ផ្អែកលើបញ្ជីឈ្មោះតែងតាំងនេះដែរ លោក វៃ ហ្វេងហេ (Wei Fenghe) ដែល កំពុងអង្គុយលើកៅអីដឹកនាំគណៈកមា្មធិការយោធាមជ្ឈិម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ ខណៈលោក ជិន វិនគីង (Chen Wenqing) នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខរដ្ឋដដែល។
គួរបញ្ជាក់ថា ការតែងតាំងនេះត្រូវបានធ្វើឡើង នៅឯសាលមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះ នាឱកាសសម័យប្រជុំរបស់សភាប្រជាជនចិន ក្រោយទើបបានបោះឆ្នោតគាំទ្រឱ្យលោក ស៊ី ជិនពីង បន្តកាន់តំណែងជាប្រធានាធិបតីចិន កាលពីថ្ងៃសៅរ៍ ហើយប្រធានាធិបតីដ៏មានប្រជាប្រិយភាពបំផុតរូបនេះ ក៏បានចេញក្រឹត្យគាំទ្រ លោក លី ខឺជាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តទៅអាណត្តិទី ២ ជាមួយលោកកាលពីសម័យប្រជុំសភាប្រជាជនចិន នាថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ផងដែរ៕