(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ បានចេញមុខព្រមាន លោក ដូណាល់ ត្រាំ មិនឱ្យបណ្ដេញរដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ចេញពីតំណែងឡើយ ហើយថាលោកប្រធានាធិបតី គួរតែទុកឱ្យលោក Mueller បន្តធ្វើការងាររបស់លោក ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
ការព្រមានរបស់ព្រឹទ្ធសមាជិកអាមេរិក មកពីគណបក្សសាធារណៈរដ្ឋខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហោះសារលើ Twitter រិះគន់យ៉ាងខ្លាំងលើ FBI និងការបណ្ដេញនាយករង FBI លោក អានឌ្រូ ម៉ាកាបេ (Andrew McCabe) ចេញពីតំណែង តែពីរថ្ងៃមុនប៉ុណ្ណោះមុនលោកប្រកាសចូលនិវត្តន៍។ ដោយឡែក ជុំវិញការរិះគន់នេះដែរ ព្រឹទ្ធសមាជិក លោក លីនសេយ៍ ហ្គ្រាហាម (Lindsey Graham) បាននិយាយថា លោក ត្រាំ មានបំណងបណ្ដេញលោក Mueller ចេញពីតំណែង ប៉ុន្តែទន្ទឹមគ្នា បើសិនជាប្រមុខសេតវិមានរូបនេះធ្វើដូច្នេះមែន នោះអាណត្តិប្រធានាធិបតីអាមេរិករបស់លោក នឹងត្រូវបញ្ចប់។
គួរបញ្ជាក់ថា បើតាមលោក Lindsey Graham លោក ដូណាល់ ត្រាំ គួរតែទុកឱ្យលោក Mueller បន្តធ្វើការងាររបស់លោកក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ី បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ តែទោះជាយ៉ាងនេះក្ដី សេតវិមានបានអះអាងថា លោក ត្រំា គ្មានបំណងបណ្ដេញលោក Mueller ចេញពីតំណែងនោះទេ៕