(ប៉េកាំង)៖ ទីប្រឹក្សាសេដ្ឋកិច្ចដ៏សំខាន់ម្នាក់ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺលោក លុយ ហេ (Liu He) ត្រូវបានតែងតាំងជាឧបនាយរដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
ក្រៅតែពីលោក Liu He លោក យី ហ្គាង (Yi Gang) ជាទេសាភិបាលរងនៃធនាគារកណ្ដាលចិន ត្រូវបានតែងតាំងជាប្រធានធនាគារ ប្រជាជនចិនតែម្តង ខណៈលោក លុយ គុន (Liu Kun) ត្រូវបានសភាប្រជាជនចិន ផ្ដល់ទំនុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ការតែង តាងំនេះត្រូវបានធ្វើឡើង នៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ នាឱកាសសម័យប្រជុំរបស់សភា ប្រជាជនចិន។
គួររំលឹកថា នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង ក៏បានទទួលការគាំទ្រ និងស្បថចូលកាន់តំណែងបន្តទៀត នាអាណត្តិទី ២ ផងដែរ តាមរយៈការបោះឆ្នោតពីសមាជិកសភាប្រជាជនចិនទាំងជិត ៣,០០០រូប នៅក្នុងសម័យប្រជុំនាថ្ងៃអាទិត្យនេះតែម្តង ដែលវាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជិនពីង បានទទួលការគាំទ្រ ឲ្យបន្តតំណែងប្រធានាធិបតី នាអាណត្តិទី ២ ផងដែរ។
បន្ថែមពីខាងលើនេះ លោក Zhou Qiang ត្រូវបានគាំទ្រឲ្យធ្វើជា ប្រធានតុលាការកំពូលចិន, លោក Zhang Jun ត្រូវបានសម្រេចតែងតាំងជា អគ្គរដ្ឋអាជ្ញា នៃតុលាការកំពូលប្រជាជនចិន, លោក Yang Xiaodu ជាប់ជាប្រធាន នៃគណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិ និងលោក Xu Qiliang រួមជាមួយ Zhang Youxia បានឡើងធ្វើជាអនុប្រធាន នៃគណៈកម្មការមជ្ឈិមយោធា នៃសាធាណរដ្ឋប្រជាមានិតចិន៕