(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃចន្ទនេះបានផ្ញើសារអបអរសាទរទៅកាន់ លោក វ្ល៉ាឌីមៀ ពូទីន ដែលបាន ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី ៤ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
យោងតាមលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ចេញផ្សាយដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតរុស្ស៊ី លោក ពូទីន ទទួលបានសំឡេងគាំទ្ររហូតដល់ ៧៦.៦ភាគរយ។ ប៉ុន្តែក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលជាច្រើន បានចោទប្រកាន់ថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មិនមានតម្លាភាព និងមានការក្លែងបន្លំ ខណៈមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោត។
យ៉ាងណាក៏ដោយ ក្រោយទទួលបានសារអបអរសាទរពីលោក ពូទីន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានសភាចិនបោះឆ្នោតគាំទ្រ ឱ្យបន្តកាន់តំណែងជាប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏បានផ្ញើសារអបអរសាទរទៅកាន់លោក ពូទីន វិញផងដែរ។ លោកស៊ី ថែមទាំងបញ្ជាក់ពីភាពរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គួរតែបន្តស្ទុះរីកចំរើនដូចបច្ចុប្បន្ន៕