(ម៉ូស្គូ)៖ យោងតាមលទ្ធផលបឋមប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបន្តដឹកនាំ​ប្រទេស​រុស្ស៊ីរយៈពេល ០៦ឆ្នាំ​ទៀត ក្នុងអាណត្តិទី ៤ របស់លោក បន្ទាប់ពីទទួលបាន​ជ័យជម្នះភ្លូកទឹកភ្លូក​ដី​ យ៉ាងងាយ​ស្រួលបំផុត នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃអាទិត្យ។ នេះបើ​តាមលទ្ធផលបោះឆ្នោត​បណ្ដោះ​អាសន្ន​ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ​ ទី១៩ ខែមីនា ឆ្នាំ២០១៨។

យោងតាមលទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ចេញផ្សាយដោយ​គណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោត​រុស្ស៊ី លោក ពូទីន ទទួលបានសំឡេង​គាំទ្ររហូតដល់ ៧៦.៦ភាគរយ។ ប៉ុន្តែក្រុមប្រឆាំង និងអង្គការសង្គម​ស៊ីវិលជាច្រើនបាន​ចោទប្រកាន់ថា ការបោះឆ្នោតកាលពី​ថ្ងៃអាទិត្យ មិនមាន​តម្លាភាព​ និងមានការ​ក្លែងបន្លំ ខណៈមេដឹកនាំបក្ស​ប្រឆាំងលោក Alexei Navalny ត្រូវបាន​ហាមឃាត់​មិនឱ្យចូលរួម​ក្នុងការ​បោះឆ្នោត។

គួរបញ្ជាក់ថា ការបោះឆ្នោត​ប្រធានាធិបតីរុស្ស៊ី ធ្វើឡើងនៅចំពេល​ទីក្រុងម៉ូស្គូ និងទីក្រុងឡុងដ៍ កំពុងធ្វើសង្រ្គាម​ការទូតជាមួយ គ្នាតាមរយៈការបណ្ដេញ​មន្ត្រីទូតចេញពីប្រទេស​រៀងៗខ្លួន ពាក់ព័ន្ធនឹង​សំណុំរឿងអតីត​ចារកិច្ចរុស្ស៊ី​ម្នាក់ត្រូវបាន​គេបំពុល សម្លាប់នៅលើទឹកដី​អង់គ្លេសកាល​ពីដើម​ខែមីនា។ ការបោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ ត្រូវបាន​គណៈកម្មការ​បោះឆ្នោតរុស្ស៊ី លើកឡើងថា មានភាព​វិជ្ជមាន ដោយសារប្រជាជនបានមកចូលរួម​ច្រើន លើសកាលពីឆ្នាំ២០១២។

តាមដានស្ថានភាពទូទៅ ​នៅក្នុងការបោះឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី​​រុស្ស៊ី ឆ្នាំ២០១៨ ដែលមាន ២០ប្រទេស ចូលរួម​អង្កេត!

(ម៉ូស្គូ)៖ ក្រៅពីប្រជាពលរដ្ឋ​ក្នុង​ស្រុកសរុបជាង ១១០លាននាក់ ដែលមាន​សិទ្ធិបោះឆ្នោត ជនជាតិរុស្ស៊ី​​សរុបរាប់លាន​​នាក់ផ្សេងទៀត ដែលកំពុងរស់នៅប្រទេសដទៃ​​ជាច្រើន​ នៅទូទាំង​​ពិភពលោក ក្នុងនោះ​មាន​ទាំង​សហរដ្ឋអាមេរិក ចិន អឺរ៉ុប អ៊ុយក្រែន កាណាដា អង់គ្លេស ថៃ បារ៉ែន និងឧបទ្វីប​គ្រីមា ផងដែរ បានចូលរួមបោះឆ្នោត​​នៅតាមមណ្ឌលនានា ដែលត្រូវបាន​រៀបចំ​នៅបណ្តាប្រទេស​​ទាំងនោះ ដើម្បីជ្រើសរើស​​ប្រធានាធិបតី ដែលពួកគេ​​ពេញចិត្ត ឧទាហរណ៍ដូចជា​នៅសហរដ្ឋអាមេរិក រុស្ស៊ីបានបង្កើត​ជាមណ្ឌល​បោះឆ្នោត​នៅតាមទីក្រុង​ធំៗ រហូតដល់ទៅ ១៥ឯណោះ ដើម្បីឲ្យប្រជាជនខ្លួន​នៅទីក្រុងទាំងនោះ អាចទៅបោះឆ្នោតបាន។ នេះបើតាម​​ការដកស្រង់​ការផ្សាយពី Sputnik នាយប់​​ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៧។

ការបោះឆ្នោត​បានចាប់ផ្តើម​ នៅវេលាម៉ោង ៧៖០០នាទី ព្រឹក (ម៉ោងនៅម៉ូស្គូ) ហើយគ្រោងនឹង​បញ្ចប់នៅល្ងាចថ្ងៃអាទិត្យ​ដដែលនេះ។ ប្រទេសធំៗ​ចំនួន ២០ បានបញ្ជូនអ្នកអង្កេត​ការរបស់ខ្លួន មកចូលអង្កេត​ការបោះឆ្នោតនៅ​រុស្ស៊ីនេះដែរ មានដូចជា សហរដ្ឋអាមេរិក វេណេស៊ុយអេឡា អង់គ្លេស ស្វីស អ៊ីតាលី អ៊ុយក្រែន និងក្រុមការងារអូទ្រីស ដែលធ្វើការនៅតំបន់គ្រីមាជាដើម។

សម្រាប់បេក្ខជនប្រមុខរដ្ឋ ​ដែលប្រជាពលរដ្ឋ​រុស្ស៊ីទាំង ១១១លាននាក់ អាចបោះឆ្នោត​ជូនបាននោះ គឺមាន​ចំនួន ០៨រូប ដូចជា៖

១៖ លោក Sergei Baburin មកពីគណបក្ស All-People's Union
២៖ លោក Pavel Grudinin បេក្ខជនបក្សកុម្មុយនិស្ត
៣៖ លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៃបក្សកាន់អំណាច
៤៖ លោកស្រី Ksenia Sobchak នៃគណបក្ស Civil Initiative
៥៖ លោក Maxim Suraykin មេបក្សកុម្មុយនិស្តរុស្ស៊ី
៦៖ លោក Boris Titov ប្រធានស្នងការសម្រាប់សិទ្ធិសហគ្រិន
៧៖ លោក Grigory Yavlinsky សហស្ថាបិកបក្ស Yabloko
៨៖ លោក Vladimir Zhirinovsky ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរុស្ស៊ី៕