(ម៉ូស្គូ)៖ ក្រៅពីប្រជាពលរដ្ឋក្នុងស្រុកសរុបជាង ១១០លាននាក់ ដែលមានសិទ្ធិបោះឆ្នោត ជនជាតិរុស្ស៊ីសរុបរាប់លាននាក់ផ្សេងទៀត ដែលកំពុងរស់នៅប្រទេសដទៃជាច្រើន នៅទូទាំងពិភពលោក ក្នុងនោះមានទាំងសហរដ្ឋអាមេរិក ចិន អឺរ៉ុប អ៊ុយក្រែន កាណាដា អង់គ្លេស ថៃ បារ៉ែន និងឧបទ្វីបគ្រីមា ផងដែរ បានចូលរួមបោះឆ្នោតនៅតាមមណ្ឌលនានា ដែលត្រូវបានរៀបចំនៅបណ្តាប្រទេសទាំងនោះ ដើម្បីជ្រើសរើសប្រធានាធិបតី ដែលពួកគេពេញចិត្ត ឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិក រុស្ស៊ីបានបង្កើតជាមណ្ឌលបោះឆ្នោតនៅតាមទីក្រុងធំៗ រហូតដល់ទៅ ១៥ឯណោះ ដើម្បីឲ្យប្រជាជនខ្លួននៅទីក្រុងទាំងនោះ អាចទៅបោះឆ្នោតបាន។ នេះបើតាមការដកស្រង់ការផ្សាយពី Sputnik នាយប់ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៧។
ការបោះឆ្នោតបានចាប់ផ្តើម នៅវេលាម៉ោង ៧៖០០នាទី ព្រឹក (ម៉ោងនៅម៉ូស្គូ) ហើយគ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃអាទិត្យដដែលនេះ។ ប្រទេសធំៗចំនួន ២០ បានបញ្ជូនអ្នកអង្កេតការរបស់ខ្លួន មកចូលអង្កេតការបោះឆ្នោតនៅរុស្ស៊ីនេះដែរ មានដូចជា សហរដ្ឋអាមេរិក វេណេស៊ុយអេឡា អង់គ្លេស ស្វីស អ៊ីតាលី អ៊ុយក្រែន និងក្រុមការងារអូទ្រីស ដែលធ្វើការនៅតំបន់គ្រីមាជាដើម។
សម្រាប់បេក្ខជនប្រមុខរដ្ឋ ដែលប្រជាពលរដ្ឋរុស្ស៊ីអាចបោះឆ្នោតជូនបាននោះ គឺមានចំនួន ០៨រូប ដូចជា៖
១៖ លោក Sergei Baburin មកពីគណបក្ស All-People's Union
២៖ លោក Pavel Grudinin បេក្ខជនបក្សកុម្មុយនិស្ត
៣៖ លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៃបក្សកាន់អំណាច
៤៖ លោកស្រី Ksenia Sobchak នៃគណបក្ស Civil Initiative
៥៖ លោក Maxim Suraykin មេបក្សកុម្មុយនិស្តរុស្ស៊ី
៦៖ លោក Boris Titov ប្រធានស្នងការសម្រាប់សិទ្ធិសហគ្រិន
៧៖ លោក Grigory Yavlinsky សហស្ថាបិកបក្ស Yabloko
៨៖ លោក Vladimir Zhirinovsky ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរុស្ស៊ី
គិតត្រឹមម៉ោង ១៤៖០០នាទីរសៀល (ម៉ោងនៅទីក្រុង ម៉ូស្គូ) ប្រជាជនរុស្ស៊ី ៥១.៩% ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតជាង ១១០លាននាក់ បានទៅបោះឆ្នោតរួចរាល់។ បើតាមគណៈកម្មការបោះឆ្នោតរុស្ស៊ី ការបោះឆ្នោតនាឆ្នាំ២០១៨នេះ មានភាពមិនប្រក្រតី ឬរំលោភច្បាប់បោះឆ្នោត កើនឡើងលើសកាលពីឆ្នាំ២០១២ ដោយគិតត្រឹមរសៀលថ្ងៃអាទិត្យ មានប្រមាណ ២៥០ករណី នៃភាពមិនប្រក្រតីបានកើតឡើង។
គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៩៖០០នាទីយប់ ម៉ោងនៅកម្ពុជា គឺត្រូវម៉ោង ៥៖០០នាទីល្ងាច ម៉ោងនៅទីក្រុងម៉ូស្គូ ការបោះឆ្នោត គឺជិតហ្នឹងបញ្ចប់ហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃអាទិត្យនេះតែម្តង ឬមួយក៏នៅថ្ងៃចន្ទ ស្អែកនេះឡើយ៕