(តួកគី)៖ ប្រធានាធិបតីតួកគីបានប្រកាសថា នៅទីបំផុតភាគកណ្តាលទីក្រុង Afrin របស់ស៊ីរី ដែលនៅជាប់ព្រំដែនតួកគីនោះ ត្រូវបានក្រុមកងកម្លាំងស៊ីរីសេរី (ឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី) ដណ្តើមយកបានទាំងស្រុងហើយ នៅក្នុងថ្ងៃអាទិត្យនេះ ក្រោយពីការប្រយុទ្ធគ្នាស៊ីសាច់ និងបង្ហូរឈាម ក្នុងរយៈពេលជិត ០២ខែ ដើម្បីកម្ចាត់ក្រុមភេរវករ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។
លោក Erdogan ប្រធានាធិបតីតួកគីបានអះអាងថា ភាគកណ្តាល ដែលជាស្នូលនៃ Afrin ត្រូវបានក្រុមឧទ្ទាមស៊ីរី ដណ្តើមយកបានទាំងស្រុង ដោយមានការជួយពីកងទ័ពតួកគី នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ ម៉ោងនៅទីក្រុងអង់ការ៉ា។ កងកម្លាំងស៊ីរីសេរី និងកងទ័ពតួកគី កំពុងតែគ្រវីទង់ជាតិនៅទីនោះ ដើម្បីអបអរពីជ័យជម្នះ។
គួរបញ្ជាក់ថា កងកម្លាំងទាំងពីរភាគី បានព្យាយាមកម្ទេចក្រុមឧទ្ទាមឃើដ ដែលត្រូវបានគេចោទថា ជាក្រុមភេរវករ ចាប់តាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ ដែលបានបណ្តាលឲ្យ ពួកភេរវករជាង ៣,០០០នាក់បាត់បង់ជីវិត៕