(ប៉េកាំង)៖ ទីបំផុតនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង បានទទួលការគាំទ្រ និងស្បថចូលកាន់តំណែងបន្តទៀត នាអាណត្តិទី ២ តាមរយៈការបោះឆ្នោតពីសមាជិកសភាប្រជាជនចិនទាំងជិត ៣,០០០រូប នៅក្នុងសម័យប្រជុំនាថ្ងៃអាទិត្យនេះតែម្តង ដែលវាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជិនពីង បានទទួលការគាំទ្រ ឲ្យបន្តតំណែងប្រធានាធិបតី នាអាណត្តិទី ២ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។
បន្ថែមពីខាងលើនេះ លោក Zhou Qiang ត្រូវបានគាំទ្រឲ្យធ្វើជា ប្រធានតុលាការកំពូលចិន, លោក Zhang Jun ត្រូវបានសម្រេចតែងតាំងជា អគ្គរដ្ឋអាជ្ញា នៃតុលាការកំពូលប្រជាជនចិន, លោក Yang Xiaodu ជាប់ជាប្រធាន នៃគណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិ និងលោក Xu Qiliang រួមជាមួយ Zhang Youxia បានឡើងធ្វើជាអនុប្រធាន នៃគណៈកម្មការមជ្ឈិមយោធា នៃសាធាណរដ្ឋប្រជាមានិតចិន។
សម្រាប់លោក Li Keqiang ដែលបានបន្តតំណែងជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី ២ នោះគឺបានទទួលក្រឹត្យពី លោកប្រធានាធិបតីចិនដោយផ្ទាល់ ហើយលោក លី បានស្បថកាន់តំណែងបន្ត នៅថ្ងៃអាទិត្យដដែលនេះផងដែរថា លោកនឹងស្មោះត្រង់ទៅនឹងច្បាប់ ដែលជាមូលដ្ឋានគ្រឹះរបស់ប្រទេសជាតិ។
កិច្ចប្រជុំមហាសន្និបាតលើកទី ៦ នៃសម័យប្រជុំលើកទី ១ របស់សមាជប្រជាជនចិននីតិកាលទី ១៣ (NPC) ត្រូវបានប្រារព្ធឡើង នៅសាលមហាវិមានប្រជាជនទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ សម្រេចចិត្តជ្រើសតាំងនាយករដ្ឋមន្ត្រីអាណត្តិថ្មី និងថ្នាក់ដឹកនាំគណៈកម្មាការត្រួតពិនិត្យថ្នាក់ជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
សមាជិកសភាប្រមាណជិត ៣,០០០រូប បានធ្វើការបោះឆ្នោតដើម្បីសម្រេចចិត្តថា តើនរណានឹងឡើងជា នាយករដ្ឋមន្ត្រីចិននាអាណត្តិថ្មី ព្រមទាំងសមាជិកនានា នៃគណៈកម្មការមជ្ឈិមយោធា នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនាថ្ងៃអាទិត្យនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាប្រជាជនចិន កាលពីថ្ងៃសៅរ៍ បានយល់ព្រមជាឯកច្ឆ័នដោយបោះឆ្នោតគាំទ្រឱ្យ លោក ស៊ី ជិនពីង បន្តកាន់ដំណែងជាប្រធានាធិបតីចិន៕