(ហ្វាំងឡង់)៖ សេចក្តីរាយការណ៍ព័ត៌មានថ្មីមួយ បានទម្លាយចេញយ៉ាងដូច្នេះថា តំណាងជាន់ខ្ពស់ នៃរដ្ឋាភិបាលអាមេរិក និងរបបដឹកនាំកូរ៉េខាងជើង នឹងបើកកិច្ចពិភាក្សាក្រៅផ្លូវការមួយ នៅក្នុងប្រទេសហ្វាំងឡង់។ នេះបើតាមសារព័ត៌មាន ស៊ីនហួរ ដកស្រង់ការផ្សាយដោយទូរទស្សន៍ហ្វាំងឡង់ MTV នារសៀលថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។
MTV ហ្វាំងឡង់បានចេញផ្សាយទៀតថា មន្ត្រីជាន់ខ្ពស់ដែលកូរ៉េខាងជើង នឹងបញ្ជូនមកកាន់ប្រទេសអឺរ៉ុបមួយនេះ គឺលោក Choe Kang il បម្រើការងារឲ្យក្រសួងការបរទេសកូរ៉េខាងជើង ដោយទទួលបន្ទុកលើកិច្ចការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នឹងមកទស្សនកិច្ចមិនផ្លូវការរយៈពេល ០២ថ្ងៃ។
នៅក្នុងនោះដែរ លោក Choe នឹងជួបជាមួយលោក Kathleen Stephens អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង នៅក្នុងស្ថានទូតរបស់ប្រទេសជប៉ុន ប្រចាំទីក្រុង Helsinki ប្រទេសហ្វាំងឡាំងតែម្តង។ ព័ត៌មានខាងលើនេះ ត្រូវបានទម្លាយនៅចុងសប្តាហ៍នេះមែន ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា កិច្ចប្រជុំមិនផ្លូវការរវាងមន្ត្រីកូរ៉េខាងជើង និងអាមេរិកនោះ នឹងត្រូវធ្វើឡើងនាពេលណានោះឡើយ៕