(អង់ការ៉ា)៖ យោងតាមចេញផ្សាយរបស់សារព័ត៌មាន Sputnik បានឲ្យដឹងថា លោក Mehmet Sinan Ince ដែលជាមេធាវីរបស់លោក Alaattin Cakici ជាមេជនអន្តពាលនៅតួកគី បាន​រួចខ្លួន​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ពី​ការ​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ចលនា​ហ្គូលែន បន្ទាប់ពីការសារភាពថា លោក​បាន​ប្រើ​ក្រដាសប្រាក់ ​១ដុល្លារ​នោះ ដើម្បី​ទិញ​គ្រឿងញៀនប្រភេទកូកាអ៊ី​ន​។​

ក្រុមអ្នកស៊ើបអង្កេតតួកគី បានអះអាងថាអ្នកមានក្រដាសប្រាក់ ១ដុល្លារ និង​លេខ​កូដ​នៅ​លើ​នោះ គឺជា​របៀប​សម្ងាត់​មួយ​ក្នុង​ការ​ទំនាក់​ទំនង​ក្នុង​ចំណោម​បុគ្គល​ ដែលទទួលការចោទប្រកាន់ថាជា សមាជិកនៃចលនាហ្គូលែន។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ ​ដែលចាយក្រដាសប្រាក់ ១ដុល្លារ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសតួក ក្នុងនោះរួមមានទាំង​បុរសម្នាក់ឈ្មោះ Serkan Golge ជាជន​ជាតិតួក​គី​កាត់អា​មេ​រិក ដែលធ្លាប់ធ្វើការជាអ្នកវិទ្យាសាស្ត្រនៅអង្គការ NASA ផងដែរ។

លោក Ince ក្រោយមកត្រូវបានឃុំខ្លួន បន្ទាប់ពីប៉ូលិសបានរុករកឃើញក្រដាសប្រាក់ ១ដុល្លារ ក្នុងអំឡុងប្រតិបត្តិការ​លប​ឆ្មក់​ចូល​ផ្ទះ​របស់​លោក។ ក្នុងអំឡុងពេលជំនុំជម្រះក្តី កាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះ លោក Ince បាននិយាយ​ការ​ពារ​ខ្លួនឯង​ ដោយ​អះ​អាង​ថា​ លោកបាន​ប្រើលុយ​នោះដើម្បីទិញថ្នាំញៀនកូនកាអ៊ីន ដូច្នេះហើយ រូបលោកពុំមានអ្វីដែលទាក់ទង់ជាមួយនឹងចលនា ហ្គូលែន នោះឡើយ។

តុលាការបានចេញសេចក្តីសម្រេចឲ្យដោះលែងលោក Ince វិញ ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងរដ្ឋប្រហារ។ បើ​តាម​ការ​កាត់​ក្តីបែបនេះ យើង​អាច​និយាយ​បាន​ថា​តុលា​ការ​តួកគីអាចចោទ ថា​នរណាម្នាក់​ជា​សមា​ជិក​នៃ​ចលនា​ហ្គូ​លែន​គ្រាន់​ត្រឹម​តែ​អ្នក នោះ​មាន​ក្រដាសប្រាក់១​ដុល្លារ​នៅ​​ក្នុង​​ហោប៉ៅ ឬ​នៅ​ផ្ទះ​ប៉ុណ្ណោះ។ ហើយ​យើង​អាច​និយាយ​បាន​ទៀត​ថា​ សមាជិក​នៃ​ចលនា​ហ្គូ​លែន​ ​គឺជា​មនុស្ស​មិន​ប្រព្រឹត្ត​រឿង​ដូច​ជា​ការ​លេង​ល្បែង ឬប្រើប្រាស់គ្រឿងញៀនឡើយ។

ប្រភពព័ត៌មាន៖ SCF