(ម៉ានីល)៖ យ៉ាងហោច​ណាស់​​មនុស្ស ០៤នាក់ បានបាត់បង់ជីវិត និង ១៤នាក់ ផ្សេង​ទៀតរង​របួស នៅក្នុងអគ្គីភ័យ​​ដ៏សន្ធោសន្ធៅ​មួយ ដែលបានលេបត្របាក់​​សណ្ឋាគារ និងកាស៊ីណូ មួយកន្លែងនៅ​ក្នុងរដ្ឋធានីម៉ានីល កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាម​​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។

យោងតាម​មន្ត្រី​នៃការិយាល័យ​សង្គ្រោះពេលគ្រា​​មានអាសន្ន ប្រចាំ​ទីក្រុងម៉ានីល គឺលោក Johnny Yu បានអះអាងថា ក្នុងចំណោម​​មនុស្សរងរបួស​​ទាំង ១៤នាក់ គឺមានមួយចំនួន​ស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយសម្រាប់អ្នក​ស្លាប់ទាំង ០៤នាក់ គឺដោយសារតែការឈ្លក់ផ្សែងភ្លើង និងរងរបួសធ្ងន់ធ្ងរពេក ខណៈដែល​អគ្គីភ័យបាន​ឆេះ​​សន្ធោ​សន្ធៅ​ខ្លាំង​ ចាប់តាំង​ពី​ជាន់ទី ៣ នៃអគារ​​សណ្ឋាគារ-កាស៊ីណូ។

គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យ​នៅទីក្រុង​ម៉ានីល បានព្យាយាម​យ៉ាងខ្លាំង នៅក្នុងការពន្លត់​ភ្លើងឆេះសណ្ឋាគារ Manila Pavilion Hotel and Casino នេះ ហើយសម្រាប់​មូលហេតុ ដែល​បានបង្កគ្រោះថ្នាក់នេះ​ឡើង កំពុងស្ថិតនៅក្នុង​ការស៊ើបអង្កេត​នៅឡើយ៕