(ប៉េកាំង)៖ កិច្ចប្រជុំមហាសន្និបាតលើកទី៦ នៃសម័យប្រជុំលើកទី ១ របស់សមាជប្រជាជនចិននីតិកាលទី ១៣ (NPC) ត្រូវបានប្រារព្ធឡើងហើយ នៅសាលមហាវិមានប្រជាជនទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីសម្រេចចិត្តជ្រើសតាំងនាយករដ្ឋមន្ត្រីអាណត្តិថ្មី និងប្រធានគណៈកម្មាការត្រួតពិនិត្យថ្នាក់ជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
សមាជិកសភាប្រមាណជិត៣,០០០រូប នឹងធ្វើការបោះឆ្នោតសម្រេចចិត្តថា តើនរណានឹងឡើងជានាយករដ្ឋមន្ត្រីចិននាអាណត្តិថ្មី ព្រមទាំងសមាជិកនានា នៃគណៈកម្មការមជ្ឈិមយោធា នៃសាធារណៈរដ្ឋប្រជាមានិតចិន។
បន្ថែមពីការជ្រើសតាំងមន្ត្រីកំពូលៗខាងលើនេះ សមាជិកក៏នឹងធ្វើការជ្រើសតាំងប្រធានតុលាការកំពូល និងអគ្គរដ្ឋអាជ្ញាជាន់ខ្ពស់ប្រជាជនចិនផងដែរ។ កិច្ចប្រជុំនាថ្ងៃអាទិត្យនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាប្រជាជនចិន កាលពីថ្ងៃសៅរ៍ បានយល់ព្រមជាឯកច្ឆ័នដោយបោះឆ្នោតគាំទ្រឱ្យ លោក ស៊ី ជិនពីង បន្តកាន់ដំណែងជាប្រធានាធិបតីចិន៕