(ប៉េកាំង)៖ បន្ទាប់ការធ្វើវិសោធនកម្មច្បាប់ លុបបំបាត់ការកំណត់ចំនួនអាណត្តិរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីនោះ ទីបំផុត កំពូលមេដឹកនាំរបស់ប្រទេស ចិន លោក ស៊ី ជិនពីង (Xi Jinping) បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីបន្តទៀត។ បន្ទាប់ពីភាពជោគជ័យជាថ្មីនេះ លោក Xi ទទួលបានការគាំទ្រ និងអបអរសាទរយ៉ាងគគ្រឹកគគ្រេងពីសំណាក់មេដឹកនាំនានាជុំវិញពិភពលោកដែលក្នុងនោះមានដូចជា៖
១៖ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin
លោក Putin បាននិយាយថា ការសម្រេចចិត្តរបស់សភាប្រជាជនចិន បានបង្ហាញយ៉ាងច្បាស់ពីកិត្យានុភាព និងទទួលស្គាល់ការចូលរួមចំណែកយ៉ាងធំធេងរបស់ លោក Xi ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារផលប្រយោជន៍របស់ប្រជាជនចិន នៅលើឆាកអន្តរជាតិ។ លោក Putin បន្ថែមថា បច្ចុប្បន្នទំនាក់ទំនងរវាងចិន និងរុស្ស៊ី មានភាពរឹងមំាក្នុងកំរិតខ្ពស់មួយ មិនធា្លប់មានពីមុនមក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគួរតែអរគុណ ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក Xi ។
គួរបញ្ជាក់ថា លោក Putin ក៏បានកត់សម្គាល់ដែរថា លោកនឹងរីករាយចំពោះជំនួបជាថ្មីជាមួយប្រធានាធិបតីចិន ដែលត្រូវបានគេរំពឹងថា នឹងផ្ញើសារអបអរសាទរ លោក Putin វិញ ខណៈប្រធានាធិបតីរុស្ស៊ីរូបនេះ ត្រូវបានអ្នកវិភាគព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃអាទិត្យស្អែកនេះ។
២៖ អធិការបតីអាឡឺម៉ង់ លោកស្រី Angela Merkel
ក្នុងអំឡុងនៃកិច្ចសន្ទនា លោកស្រី Merkel បានបង្ហាញការអបអរសាទរលោក ស៊ី ជិនពីង ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីចិន ជាថ្មី។ ជាមួយគ្នានេះដែរ លោក Xi ក៏បានចូលរួមអបអរសាទរលោកស្រី Merkel ដែលជាប់ឆ្នោតជាអធិការបតីរបស់ប្រទេស អាឡឺម៉ង់ជាថ្មីរហូតដល់៤ អាណត្តិជាប់គ្នា។
៣៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak
លោក Najib Razak ក៏បានចូលរួមអបអរសាទរចំពោះការជាប់ឆ្នោតជាថ្មីរបស់លោក Xi Jinping ផងដែរ។ នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងក្នុងសារជូនពរថា «ខ្ញុំតែងតែរំពឹងចង់បង្កើនទំនាក់ទំនងឈ្នះឈ្នះរបស់យើងកាន់តែខ្លាំងឡើង ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រជាពលរដ្ឋ ព្រមទាំងប្រទេសពីរ និងតំបន់យើងទាំងមូល»។
៤៖ មេដឹកនាំប្រទេស វៀតណាម លោក Tran Dai Quang
លោក Tran Dai Quang បានផ្ញើសារអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក Xi ដោយបានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់លោក Xi ក្នុងនាមជាប្រធានាធិបតី ចិន និងជាប្រធានគណកម្មាធិការយោធាមជ្ឈឹម ប្រទេស ចិន នឹងទទួលសម្រេចបានគោលដៅនៃការកសាងប្រទេស ប្រកបដោយភាពរុងរឿង រឹងមាំ ប្រជាធិបតេយ្យ ភាពរីកចម្រើន ចុះសម្រុង និងសង្គមនិយមដ៏ស្រស់ស្អាតមួយ។
៥៖ ប្រធានាធិបតីឡាវ លោក Bounnhang Vorachit
ប្រធានាធិបតីឡាវ បានលើកឡើងថា លោកមានភាពជឿជាក់ទាំងស្រុងថា ក្រោមភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនីស ចិន ដោយមានលោក Xi ជាស្នូលដ៏រឹងមាំ ប្រទេស ចិន នឹងសម្រេចបានសមិទ្ធិផលជាប្រវត្តិសាស្ត្រ ក្នុងការកសាងរបបសង្គមនិយមមួយ។ លោក Vorachit ក៏បានជូនពរដល់ទំនាក់ទំនងជាប្រពៃណី និងភាពដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ពិតជាអាចបង្កើតការអភិវឌ្ឍស៊ីជម្រៅ និងផ្តល់លទ្ធផលប្រកបដោយផ្លែផ្កា។
៦៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in
លោក Moon បានបង្ហាញក្តីសង្ឃឹមថា ប្រទេស ចិន នឹងសម្រេចបាននូវក្ដីស្រមៃរបស់ខ្លួន តាមរយៈការដឹកនាំរបស់មេដឹកនាំ Xi និងបង្កើតនូវការចូលរួមចំណែកយ៉ាងប្រសើរក្នុងការបង្កើតសន្តិភាព និងការអភវិឌ្ឍក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។ “ឆ្នាំ២០១៨ ជាខួប១០ឆ្នាំ នៃការបង្កើតទំនាក់ទំនងល្អក្នុងនាមជាដៃគូយុទ្ធសាស្ត្ររវាង ចិន និងកូរ៉េខាងត្បូង។ ខ្ញុំពិតជាចង់ធ្វើការរួមគ្នាជាមួយលោក Xi ដើម្បីចាប់ផ្តើមយុគសម័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី” នេះជាការលើកឡើងរបស់លោក Moon ប្រធានាធិបតីកូរ៉េខាងត្បូង។
៧៖ នាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe និងព្រះចៅអធិរាជជប៉ុន Akihito
ព្រះចៅអធិរាជជប៉ុន Akihito បានបង្ហាញការអបអរសាទរចំពោះការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតីចិន។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Abe ក៏បានបង្ហាញនូវការកត់សម្គាល់ផងដែរក្នុងសារជូនពរថា”ឆ្នាំ២០១៨នេះ ជាខួបលើកទី៤០ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងប្រទេស ចិន និងជប៉ុន ព្រមទាំងខួប៤០ឆ្នាំនៃកំណែទម្រង់ និងការបើកចំហរបស់ប្រទេស ចិន”។
នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងថា “ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ចិន បានសម្រេចបាននូវសមិទ្ធិភពលោកដ៏គួរឱ្យកត់សម្គាល់។ ប្រទេស ជប៉ុន និងចិន បានអភិវឌ្ឍន៍នូវកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរ។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះ អាចជាឱកាសសម្រាប់ប្រទេស ទាំងពីរក្នុងការបង្កើនទំនាក់ទំនងទ្វេរភាគីកាន់តែប្រសើរ ព្រមទាំងបោះជំហ៊ានទៅរកចំណុចថ្មីមួយទៀត”។
៨៖ ប្រធានាធិបតីម៉ាល់ឌៀវ លោក Abdulla Yameen
លោក Yameen បានលើកឡើងថា ការជាប់ឆ្នោតរបស់លោក Xi ជាការយល់ព្រមទាំងស្រុង អនុញ្ញាតដល់លោក ក្នុងការដឹកនាំប្រទេស ចិន ដើម្បីសម្រេចបាននូវការអភិវឌ្ឍកាន់តែប្រសើរជាបន្តទៀត។
សូមជម្រាបថា បណ្តាមេដឹកនាំផ្សេងៗទៀត រួមមានប្រទេស សិង្ហបុរី អូទ្រីស ហ្ស៊ីមបាវេ និងបង់ក្លាដែស ក៏បានចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់លោក ស៊ី ក្នុងការបន្តដំណែងជាប្រធានាធិបតីចិន ជាថ្មីផងដែរ៕