(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗនេះ ក្រុមវិស្វករនៃ​ទីភ្នាក់ងារអវកាស​អាមេរិក NASA បានឲ្យដឹងថា បេសកកម្មតាម​ប្រមាញ់រុករកភពអេលៀន​ ​របស់កែវយឺត​អវកាស Kepler នឹងត្រូវបញ្ចប់​នាពេលឆាប់ៗ​ខាងមុខ ដោយក្រោយ​ពីបានរកឃើញ​ភពក្រៅប្រព័ន្ធ​ព្រះអាទិត្យ ដែលមាន​ការ​ទទួលស្គាល់​ច្រើនជាង ២,៣០០ភពមកហើយ នៅក្នុងបេសកកម្មទាំងពីរដំណាក់កាល​របស់ខ្លួន Kepler កំពុងតែជិត​អស់ឥន្ទនៈ ហើយ​ទំនង​​ជានឹងអស់តែម្តងនៅ​ប៉ុន្មានខែទៀត​ប៉ុណ្ណោះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។

NASA បានឲ្យដឹងអំពី​ព័ត៌មានខាងលើ​ តាមរយៈសេចក្តី​ថ្លែងការណ៍​មួយថា «បើតាមការប៉ាន់​ប្រមាណ​របស់យើង ធុងស្តុកប្រេង​ឥន្ទនៈរបស់​ Kepler នឹងត្រូវស្ងួត​អស់សាំងនៅ​ក្នុងរយៈពេលប៉ុន្មាន​ខែទៀត ប៉ុន្តែពួកយើង​ក៏ធ្លាប់ជួបប្រទះ​ភាពភ្ញាក់ផ្អើល ដោយសារ​សមត្ថភាព​ដំណើរ​ការរបស់វា​ផងដែរ ដូច្នេះហើយស្រប​ពេលដែលយើង ត្រៀមលក្ខណៈ​ទុកជាមុនថា ប្រតិបត្តិការ​ហោះហើររបស់វា នឹងបញ្ចប់នាពេល​ឆាប់ៗ​ យើងក៏កំពុង​ត្រៀមខ្លួន ដើម្បីបន្តបេសកកម្ម​តទៅទៀត ដោយផ្អែកលើ​បរិមាណ​នៃប្រេងឥន្ទនៈ​​​របស់វាដូចគ្នា»

គួរជម្រាប់ ខណៈ​បេសកកម្មប្រមាញ់​ភពរបស់កែវយឺត​អវកាស Kepler ជិតផុតរលត់ទៅ ក្រោយពីបាន​ប្រព្រឹត្តទៅអស់រយៈពេលជិត ១០ឆ្នាំ​ កែវយឺតអវកាស​ដែលមានមុខងារ​ថ្មីមួយទៀត បានត្រៀមខ្លួន​ជាស្រេច ដើម្បីទៅជំនួស​​កិច្ចការដ៏សំខាន់នេះ​វិញម្តង។ កែវយឺតអវកាស​មាន​ឈ្មោះថា TESS នឹងត្រូវគេបាញ់​បង្ហោះនៅថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដើម្បីអង្កេត​មើលផ្កាយ​​​យ៉ាងតិច ២០០,០០០ដួង ព្រមទាំងភព​នា​នា ដែលអាចមានវត្តមាន​នៅជុំវិញផ្កាយទាំងនោះ។

អ្នកតាមដានពិតជាធ្លាប់​ដែលដឹងលឺ ឬក៏ទទួលព័ត៌មានមួយចំនួន​អំពីវារួចមក​ហើយ ដោយ​កែវយឺតអវកាស TESS របស់​អង្គការ NASA ដែលមាន​តួនាទីប្រមាញ់ និងវិភាគទៅលើភពអេលៀន​រាប់ពាន់រាប់ម៉ឺនភព ត្រូវបានបញ្ជូនទៅដល់ទីកន្លែង​បាញ់បង្ហោះ នៃមជ្ឈមណ្ឌល​អវកាស Kennedy ក្នុងរដ្ឋផ្លូរីដា​ និងត្រៀមធ្វើការ​បាញ់បង្ហោះនៅថ្ងៃទី២០ ខែមីនា សប្តាហ៍ក្រោយ​នេះហើយ។

បើនិយាយឲ្យជាក់​ស្តែងទៅ TESS ឬកែវយឺតអវកាស-ផ្កាយរណប មានតួនាទីអង្កេត​ឲ្យដឹង​ច្បាស់ថា ភពចំនួនរាប់ពាន់រាប់ម៉ឺន ដែលកែវយឺតអវកាស​មុនៗមិនអាចអង្កេតបាន ហើយវានឹងគណនាឲ្យដឹងថា ពិតជាមាន​វត្តមាន​ភពគោចរនៅជុំវិញផ្កាយ​ភ្លឺៗ និងកម្រិតតូចទាំងនោះមែន ទើបភព​ទាំងអស់នោះ អាចក្លាយជា​​ភពផ្លូវការ ដែលត្រូវបាន​រកឃើញ និងត្រូវកត់ចូលក្នុង​បញ្ជីតែម្តង។

បន្ថែមពីនេះ​ទៀត TESS នឹងមានតួនាទី​អង្កេតផ្ទៃមេឃ ឲ្យបាន​ទូលំទូលាយ ៣៥០ដង ធំជាងអ្វីដែល​កែវយឺត​អវកាស NASA និង K2 របស់​អង្គការ NASA ធ្លាប់ធ្វើ ដែលកាលណោះ គឺបានរកឃើញ​ភពចម្បងៗ​ចំនួន ២,៥០០ភព​ឯណោះ។ TESS នឹងត្រៀមខ្លួនហោះ​ទៅទីអវកាស ដោយប្រើប្រាស់​គ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលត្រូវបាន​ពន្យាពេល​រួចម្តងហើយ៕