(ម៉ូស្គូ)៖ ពិតជាដូចការគ្រោងទុកមែន រដ្ឋាភិបាលទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួនសម្រេចចិត្តបណ្តេញមន្ត្រីទូតអង់គ្លេសប្រចាំប្រទេសរុស្ស៊ី សរុបចំនួន ២៣នាក់ ត្រឡប់ទៅស្រុកដើមវិញ ជាការសងសឹកទៅនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធេរ៉េសា ម៉ាយ (Theresa May) ដែលបានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី ២៣នាក់ ចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
ការសម្រេចចិត្តដ៏ក្តៅគគុកបែបនេះ គឺត្រូវបានធ្វើឡើងនាឱកាសដែលអគ្គរដ្ឋទូតអង់គ្លេស ប្រចាំទីក្រុងម៉ូស្គូ ត្រូវបានក្រសួងការបរទេសរុស្ស៊ី អញ្ជើញឲ្យមកស្តាប់សេចក្តីថ្លែងការណ៍ របស់ខ្លួននៅហ្នឹងកន្លែងតែម្តង។ វាត្រូវបានចាត់ទុកជាសង្គ្រាមការទូតរវាងបីប្រទេស គឺសហរដ្ឋអាមេរិក រុស្ស៊ី និងអង់គ្លេស ដោយសារតែការបំពុលអតីតមន្ត្រីចារកម្មសម្ងាត់រុស្ស៊ី នៅក្នុងទឹកដីចក្រភពអង់គ្លេស ដែលនាំឲ្យមានប្រតិកម្មខ្លាំងៗពីរដ្ឋាភិបាលអង់គ្លេស និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធកាត់ទឹកមិនដាច់ ដោយចោទរុស្ស៊ីថាជាអ្នកប្រព្រឹត្ត។
ទោះបីជាយ៉ាងនេះក្ដី ទីក្រុងម៉ូស្គូ បានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយ ហើយថា អង់គ្លេសកំពុងប្រឌិតរឿងឡើង ក្នុងចេតនាប្រមូលផ្ដុំកម្លាំងប្រឆាំងនឹងរុស្ស៊ី។ លើសពីនេះទៅទៀត រុស្ស៊ីក៏ធ្លាប់បានព្រមានកាលពីថ្ងៃម្សិលមិញដែរថា ខ្លួននឹងបណ្ដេញទូតអង់គ្លេស ជាការសងសឹងទៅនឹងការសម្រេចចិត្តរបស់លោកស្រី May។ «ជាការពិតណាស់ រុស្ស៊ីនឹងបណ្ដេញមន្ត្រីទូតអង់គ្លេស»។ នេះគឺជាការ បញ្ជាក់យ៉ាងខ្លី របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងគំរោងបណ្ដេញមន្ត្រីទូតអង់គ្លេសចេញពីទីក្រុងម៉ូស្គូ។
គួររំលឹកថា អតីតមន្ត្រីចារកម្មរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពុលសម្លាប់ នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយរហូតមកទល់ពេលនេះ អ្នកទាំងពីរនៅតែ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក Sergei Skripal ត្រូវបានគេរាយការណ៍ថា បានលក់ព័ត៌មានសំងាត់ជាច្រើនឱ្យអង់គ្លេស ទាក់ទិននឹងចំនួនអ្នកធ្វើចារកម្មឲ្យរុស្ស៊ីនៅអឺរ៉ុប។ ចំណែកឯ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង ក៏បានអំពាវនាវជាថ្មីផងដែរ ឱ្យរុស្ស៊ីធ្វើការបកស្រាយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានចោទត្រង់ៗតែម្ដងថា រុស្ស៊ីជាអ្នកនៅពីក្រោយខ្នងការវាយប្រហារនេះ៕