(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍នេះបានថ្លែងសារអបអរសាទរ ជូនចំពោះលោក ស៊ី ជិនពីង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតផ្ដល់ទំនុកចិត្ត ឱ្យបន្តកាន់ដំណែងជាប្រធានាធិបតី នាអាណត្តិទី ២ ខណៈនៅថ្ងៃអាទិត្យស្អែកនេះ ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នាអាណត្តិថ្មី ក៏នឹងត្រូវធ្វើឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
លោក ពូទីន បាននិយាយថា ការសម្រេចចិត្តរបស់សភាប្រជាជនចិន បានបង្ហាញយ៉ាងច្បាស់ពីកិត្យានុភាព និងទទួលស្គាល់ការចូលរួមចំណែកយ៉ាងធំធេងរបស់ លោក ស៊ី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារផលប្រយោជន៍របស់ប្រជាជនចិន នៅលើឆាកអន្តរជាតិ។ លោក ពូទីន បន្ថែមថា បច្ចុប្បន្នទំនាក់ទំនងរវាងចិន និងរុស្ស៊ី មានភាពរឹងមំាក្នុងកំរិតមួយដ៏ខ្ពស់ មិនធា្លប់មានពីមុនមក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគួរតែត្រូវអរគុណ ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ស៊ី។
គួរបញ្ជាក់ថា លោក ពូទីន ក៏បានកត់សម្គាល់ដែរថា លោកនឹងរីករាយចំពោះជំនួបជាថ្មីជាមួយលោក ស៊ី ជិនពីង ដែលត្រូវបានគេ រំពឹងថា នឹងផ្ញើសារអបអរសាទរ លោក វ្ល៉ាឌីមៀ ពូទីន វិញ ខណៈប្រធានាធិបតីរុស្ស៊ីរូបនេះ ត្រូវបានអ្នកវិភាគព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៅថ្ងៃអាទិត្យស្អែកនេះ៕