(ម៉ានីល)៖ យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចំលើផ្ទះមួយខ្នង ពោលគឺតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់ពីវាបានហោះឡើងចេញពីព្រលានយន្តហោះ ផ្លារីឌែល (Plaridel) ក្នុងខេត្ត ប៊ូឡាខេន (Bulacan) ភាគខាងជើងរដ្ឋធានីម៉ានីល នៅថ្ងៃសៅរ៍នេះ ដោយបានផ្តាច់ជីវិតមនុស្សសរុបចំនួន ០៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសហ្វីលីពីន CAAP បានបញ្ជាក់ឲ្យដឹងថា មនុស្សទាំង ០៦នាក់ ក្នុងនោះមានអាកាសយានិកពីរនាក់ ដែលស្ថិតនៅលើយន្តហោះម៉ាស៊ីនពីរធុន Piper PA-23 Apache ដែលអាចផ្ទុកមនុស្សបានត្រឹម ០៦នាក់ នេះបានបាត់បង់ជីវិតទាំងអស់តែម្តង។ ប៉ូលិសបានឲ្យដឹងថា យន្តហោះនោះបានធ្លាក់ចំលើផ្ទះមួយខ្នង ហើយក៏ឆាបឆេះឡើង ដែលជាលទ្ធផលម្ចាស់ផ្ទះនោះម្នាក់ ក៏បានស្លាប់ផងដែរ។
គួរជម្រាប់ថា បើតាមអ្នកនាំពាក្យរបស់ CAAP យន្តហោះខាងលើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូន Lite Express និងបានធ្លាក់នៅប៉ុន្មាននាទីក្រោយ ពីបានហោះចាកចេញពីព្រលានយន្តហោះ នាវេលាម៉ោង ១១៖២២នាទី ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុង Laoag ក្នុងខេត្ត Ilocos Norter។ ដោយឡែកមូលហេតុនៅពីក្រោយការធ្លាក់ នៅពុំទាន់ត្រូវបានដឹងនៅឡើយទេ៕