(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ដឹកនាំដោយលោក បប មេណេនដេស្ស (Bob Menendez) បានផ្ញើលិខិតស្នើទៅកាន់ ក្រសួងការបរទេសអាមេរិកថា «ការលក់ដូរប្រព័ន្ធខែលការពារដែនអាកាស S-400 តទៅទៀតរបស់ប្រទេសរុស្ស៊ី គួរតែត្រូវទទួលរងការដាក់ទណ្ឌកម្មធ្ងន់ៗបន្ថែមទៀត ដូចទៅនឹងអ្វីដែលបានចែងនៅក្នុង ច្បាប់ទប់ទល់នឹងគូសត្រូវរបស់អាមេរិក តាមរយៈការដាក់ទណ្ឌកម្ម ហៅកាត់ថា CAATSA»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
លិខិតខាងលើរបស់ព្រឹទ្ធសមាជិកអាមេរិក គឺឈរលើរបាយការណ៍មួយ ដែលរៀបចំឡើងដោយទីភ្នាក់ងារស្រាវជ្រាវ នៃសភាអាមេរិក ដែលបានបង្ហាញឲ្យដឹងថា ប្រទេសរុស្ស៊ី បាននិងកំពុងរៀបចំការលក់សព្វាវុធទំនើបៗរបស់ខ្លួន ជាមួយបណ្តាប្រទេសដទៃទៀត។ ក្រុមមន្រ្តីក្នុងព្រឹទ្ធសភាអាមេរិក ក៏បានស្នើឲ្យក្រសួងការបរទេសអាមេរិក ផ្តល់ការវិភាគដោយលម្អិតទៅលើស្ថានការណ៍បច្ចុប្បន្ន ស្តីពីដំណើរការចរចានៃការលក់ប្រព័ន្ធ S-400 របស់រុស្ស៊ី ជាមួយចិន តួកគី ឥណ្ឌា អារ៉ាប៊ីសាអូឌីត កាតា និងប្រទេសឯទៀតៗផងដែរ។
គួរជម្រាបថា សំណើនេះត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងរតនាគារជាតិអាមេរិកបានប្រើច្បាប់ CAATS ព្រមទាំងបទបញ្ជាប្រតិបត្តិ ដែលត្រូវបានកែសម្រួលដោយ CAATSA ដើម្បីដាក់ទណ្ឌកម្មទៅលើអង្គភាព និងបុគ្គលជាជនជាតិរុស្ស៊ីជាច្រើននាក់។ ច្បាប់ CAATSA ត្រូវបានអនុម័តដោយសភាអាមេរិក និងចុះហត្ថលេខាដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ក្រោមការឆ្លើយតបចំពោះរឿងអាស្រូវ ដែលថា រដ្ឋាភិបាលរុស្ស៊ីបានព្យាយាមចូលលូកលាន់ដំណើរការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦៕