(វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តចុះហត្ថលេខាហើយ លើបញ្ជាថ្មីមួយទាក់ទិននឹង «ច្បាប់ធ្វើដំណើររវាងកោះតៃវ៉ាន់» ឬ «Taiwan Travel Act» ដែលនឹងលើកទឹកចិត្តដល់ការធ្វើដំណើរទស្សនកិច្ច រវាងក្រុម មន្ត្រីអាមេរិក និងតៃវ៉ាន់គ្រប់ជាន់ថ្នាក់ទាំងអស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
ជុំវិញច្បាប់នេះដែរ ក្រសួងការបរទេសចិនបានបង្ហាញការជំទាស់យ៉ាងខ្លាំង ដោយចោទថា វាគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើគោលនយោបាយចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចំនួនបី រវាងសហរដ្ឋអាមេរិក និងចិន។ បន្ថែមពីលើនេះ នៅក្នុង សេចក្ដីថ្លែងការណ៍ បន្ទាប់ពីការចុះហត្ថលេខារបស់ លោក ត្រាំ កាលពីថ្ងៃសុក្រ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏បានអះអាងដែរថា មាត្រាជាច្រើននៅក្នុងច្បាប់នេះ គឺរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលនយោបាយចិនតែមួយ និងមូលដ្ឋានគ្រឹះនៃទំនាក់ ទំនងអាមេរិក-ចិន។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បា្រប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយផ្ទាល់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តគោរពគោលនយោបាយចិនតែមួយ។ ប៉ុន្តែទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏នៅតែយល់ព្រមបន្តលក់អាវុធឱ្យកោះតៃវ៉ាន់ និងពង្រឹងចំណងមិត្តភាពជាមួយដែនកោះមួយនេះ ដែលចិនចាត់ទុកថា ត្រឹមតែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ៕