(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បានបើកការស៊ើបអង្កេតមួយជុំវិញអំពើឃាតកម្ម បន្ទាប់ពីអ្នកជំនួញរុស្ស៊ីម្នាក់ លោក Nikolai Glushkov បានស្លាប់នៅក្នុងផ្ទះរបស់លោកនៅឯតំបន់ New Malden នៃភាគនិរតីទីក្រុងឡុងដ៍ កាលពីថ្ងៃទី១២ ខែមីនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ ផ្អែកលើការស៊ើបអង្កេតបឋម លោក Glushkov មានអាយុ៦៨ឆ្នាំ បានស្លាប់ដោយសារតែគេរឹតក។ ប៉ុន្តែ ភ្លាមៗប៉ូលិសអង់គ្លេស អះអាងថា មិនមានភស្ដុតាងណាមួយបង្ហាញថាការស្លាប់នេះ មានជាប់ពាក់ព័ន្ធនឹងការបំពុលសម្លាប់ អតីតចារកិច្ចរុស្សី លោក Sergei Skripal និងកូនស្រីរបស់លោក នៅក្នុងទីក្រុង Salisbury នោះឡើយ។
គួររំលឹកថា លោក Glushkov គឺជាអតីតនាយករងក្រុមហ៊ុនអាកាសចរណ៍រដ្ឋរុស្ស៊ី Aeroflot ហើយលោកត្រូវបានគេផ្ដន្ទាទោស ដាក់ពន្ធនាគារ០៥ឆ្នាំ កាលពីឆ្នាំ១៩៩៩ ពីបទលាងលុយកខ្វក់ និងក្លែងបន្លំ។ បន្ទាប់មកទៀត ក្រោយត្រូវបានគេព្យួរទោស កាលពីឆ្នាំ២០០៦ ទើបលោកបានទទួលសិទ្ធិជ្រកកោន នៅក្នុងចក្រភពអង់គ្លេសកាលពីឆ្នាំ២០១០ និងបានក្លាយជាអ្នករិះគន់ ឥតសំចៃមាត់លើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន៕