(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Jeff Sessions បានសម្រេចចិត្តបណ្ដេញ នាយករង FBI លោក Andrew McCabe ចេញពីតំណែង។ លោក McCabe ធ្លាប់ត្រូវបានលោក ដូណាល់ ត្រាំ ចោទប្រកាន់ថាមានភាពលំអៀង ផ្នែកនយោបាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
កាលពីខែមករា លោក McCabe បានស្នើសុំលាលែងពីតំណែងជានាយករង FBI ហើយត្រូវបានអនុញ្ញាតឱ្យសម្រាក។ ប៉ុន្តែ ការសុំលាលែងនេះ កើតមានឡើងចំពេលរូបលោក បានជាប់ផុតកាន់តែជ្រៅនៅក្នុងការស៊ើបអង្កេតរបស់ FBI ពាក់ព័ន្ធនឹងរឿង អាស្រូវលេចធ្លាយ E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន និងការលូកដៃពីរុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ លើស ពីនេះទៅទៀត លោក McCabe ត្រូវបានបណ្ដេញចេញពីតំណែង តែពីរថ្ងៃប៉ុណ្ណោះ មុននឹងលោកត្រូវបានគេរំពឹងថានឹង ប្រកាសចូលនិវត្តន៍។
ដោយឡែក ជុំវិញការបណ្ដេញពីតំណែងនេះដែរ លោក Jeff Sessions បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដូច្នេះថា៖«ផ្អែកលើរបាយការណ៍ នៃការិយាល័យទទួលបន្ទុកវិជ្ជាជីវៈរបស់ FBI និងអនុសាសន៍ពីមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ខ្ញុំបានសម្រេចចិត្តបណ្ដេញលោក Andrew McCabe ពីតំណែងនាយករង FBI»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Andrew McCabe អាចនឹងក្លាយជាសាក្សីដ៏សំខាន់ម្នាក់នៅក្នុងការស៊ើប អង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ស្ពីពីការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕