(ប៉ារីស)៖ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានស្នើឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ជុំវិញការអភិវឌ្ឍកម្ម វិធីមីស៊ីលផ្លោង និងការលូកដៃចូលក្នុងសង្រ្គាមស៊ីរី។ នេះបើតាមឯកសារគួរទុកឱ្យចិត្តមួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
យោងតាមឯកសារខាងលើ ដែល Reuters ទទួលបាននិងត្រូវបានដាក់ជូនសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានស្នើឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មបន្ថែមថ្មីលើទីក្រុងតហេរ៉ង់ ដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ដែលមានគោលដៅទប់ស្កាត់អ៊ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ «នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ យើងនឹង បញ្ជាក់ពីបញ្ជីឈ្មោះបុគ្គល និងអង្គភាព (អ៊ីរ៉ង់) ដែលយើងជឿជាក់ថាគួរត្រូវបានដាក់ទណ្ឌកម្ម ដោយសារតែការចូលរួមក្នុងការ អភិវឌ្ឍមីស៊ីលផ្លោង និងការលូកដៃចូលក្នុងសង្រ្គាមស៊ីរី»។ នេះបើតាមឯកសារដែល Reuters ទទួលបាន។
គួរបញ្ជាក់ថា បើគេចាំមិនភ្លេចទេ សហភាពអឺរ៉ុប ធ្លាប់បានបង្ហាញពីការខ្វែងគំនិតជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយពួកគេយល់ថាវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥។ មួយវិញទៀត ការដាក់ទណ្ឌកម្មនេះទៀតសោត កើតមានឡើងនៅចំពេលទីក្រុងវ៉ាស៊ីនតោន បានប្រកាស តម្លើងពន្ធលើការនាំចូលផលិតផលមួយចំនួនពីអឺរ៉ុប និងនៅក្រោយពេលលោកត្រាំ ផ្ទាល់ស្នើឱ្យសហភាពអឺរ៉ុប កែតម្រូវឡើងវិញ នូវកិច្ចព្រមព្រៀងនេះ៕