(ប៉េកាំង)៖ នៅទីបំផុតដូចការរំពឹងទុក សភាប្រជាជនចិន នៅថ្ងៃសៅរ៍នេះ បានយល់ព្រមជាឯកច្ឆ័នដោយបោះឆ្នោតគាំទ្រឱ្យ លោក ស៊ី ជិនពីង បន្តកាន់ដំណែងជាប្រធានាធិបតីចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង ត្រូវបានគេបោះឆ្នោតគាំទ្រឱ្យបន្តធ្វើជាប្រធានាធិបតីចិន នៅក្នុងអំឡុងកិច្ចប្រជុំពេញអង្គនៃសម័យប្រជុំលើក ទី០១ របស់សភាប្រជាជនចិននិតិកាលទី១៣។ មិនតែប៉ុណ្ណោះ លោកស៊ី ក៏ត្រូវបានសភាផ្ដល់ទំនុកចិត្តឱ្យបន្តកាន់ដំណែងជា ប្រធានគណកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សភាប្រជាជនចិន បានបោះឆ្នោតគាំទ្រលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីការកំណត់ អណត្តិប្រធានាធិបតីត្រឹមពីរអណត្តិ ហើយដែលនេះនឹងបើកផ្លូវឱ្យលោក ស៊ី ជិនពីង កាន់អំណាចអស់មួយជីវិត និងក្លាយជា ប្រធានាធិបតីចិនមានឥទ្ធិពលបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក៕