(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងតូក្យូ គួរតែត្រូវបានរឹតចំណងប្រសើរឡើង ដើម្បីជួយដោះស្រាយវិបត្តិកូរ៉េខាងជើង នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក អាបេ លោក ម៉ូនបានសង្កត់ធ្ងន់ថា «សន្តិភាពនៅឧបទ្វីបកូរ៉េ មិនអាចប្រសើរឡើងដោយសារតែកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងតែម្យ៉ាងប៉ុណ្ណោះទេ» នេះបើយោងតាមការលើកឡើងរបស់លោក Kim Eui-Kyeom អ្នកនាំពាក្យប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូង។
ជាមួយគ្នានេះដែរ លោក ម៉ូន បានបន្ថែមថា ទំនាក់ទំនងអន្តរកូរ៉េអាចឆ្ពោះទៅមុខបាន នៅពេលដែលកូរ៉េខាងជើង បង្កើនទំនាក់ទំនងល្អជាមួយជប៉ុន និងសហរដ្ឋអាមេរិក។ សូមជម្រាបថា ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង បន្ទាប់ពីជប៉ុន បានបង្ហាញក្តីបារម្ភថាខ្លួនអាចនឹងត្រូវបានគេទុកចោល បន្ទាប់ពីកូរ៉េខាងត្បូង និងខាងជើង បង្កើនទំនាក់ទំនងល្អនឹងគ្នា៕