(ហុងកុង)៖ កំពូលមហាសេដ្ឋីប្រាក់ពាន់លាន នៅហុងកុង លោក លី កាស៊ីង (Li Ka-shing) ដែលបានចំណាយពេលក្នុងមួយជីវិតរបស់លោក ពីមុខរបររកស៊ីតូចតាច រហូតដល់ក្លាយជាម្ចាស់មុខជំនួញ ដ៏ធំជាងគេនៅក្នុងទ្វីបអាស៊ី បានសម្រចចិត្តប្រកាសចូលនិវត្តន៍ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ លោក Li Ka-shing បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានសម្រចចិត្ត ចុះចេញពីតំណែងជាប្រធាន និងចូលនិវត្តន៍ពីតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន CK Asset Holdings»។ ប៉ុន្តែទន្ទឹមគ្នា លោក Li បានអះអាងថា លោកនៅតែចង់បម្រើការងារជា ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនដដែល។
គួរបញ្ជាក់ថា លោក Li Ka-shing ដែលនឹងឈានចូលដល់អាយុ ៩០ឆ្នាំ នៅខែកក្កដាខាងមុខនេះ បានប្រគល់តួនាទីឱ្យកូនប្រុសច្បងរបស់លោកឈ្មោះ Victor។ លោក Victor ក៏នឹងត្រូវចូលកាន់តំណែងផងដែរ ជាប្រធានក្រុមហ៊ុន CK Hutchison ដែលជាក្រុមហ៊ុនសម្ព័ន្ធមួយរបស់ ក្រុមហ៊ុនអចលទ្រព្យ CK Asset Holdings៕