(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃសុក្រនេះ បានថ្កោលទោសយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ដែលបានគំរាមបើកការវាយប្រហារលើប្អូនប្រុសពៅរបស់ខ្លួន គឺកងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយសម្រាប់ទីក្រុងម៉ូស្គូ ការគំរាមនេះគឺជារឿងមិនអាចទទួលយកបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
ប្រតិកម្មរបស់រុស្ស៊ី កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikky Haley) បានគំរាមថា សហរដ្ឋអាមេរិក នឹងដឹកនាំការវាយប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងដាម៉ាស់ នៅក្នុងករណីមាន ការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរីសាជាថ្មី។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាន ចាត់ទុកថា ការគំរាមនេះគឺជារឿងមិនអាចទទួលយកបាន។ ប្រមុខការទូតរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ការគំរាមដឹកនាំការវាយប្រហារឯកតោភាគី ប្រឆាំងនឹងស៊ីរី ពីសំណាក់សហរដ្ឋអាមេរិក គឺជារឿងមិនអាចទទួលបាន... ហើយខ្ញុំសង្ឃឹមថា ក្រុមចំរុះ ដឹកនាំដោយសហរដ្ឋអាមេរិក នឹងអនុវត្តន៍វិធានការចាំបាច់នានា ដែលមិនមែនការពារពួកភេរវករ ដូចដែលអ្វីកំពុងកើតឡើង នៅក្នុងតំបន់ Ghouta ភាគខាងកើត។ ប៉ុន្តែវាគឺជាការចូលរួមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ»។
គួរបញ្ជាក់ថា ក្រោយការគំរាមរបស់លោកស្រី Nikky Haley នេះដែរ ទីក្រុងម៉ូស្គូ បានអះអាងថា យោធារុស្ស៊ីនឹងចាត់វិធានការឆ្លើយតប បើសិនជាអាយុជីវិតយោធារុស្ស៊ីនៅស៊ីរី និងកងកម្លាំងរដ្ឋាភិបាលស៊ីរី ត្រូវបានគំរាមកំហែង៕