(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានចាប់ផ្ដើមដំណើរការ ការរៀបចំជំនួបកំពូលជាមួយកូរ៉េខាងជើង នៅខែមេសាខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ស្របពេលអ្នកជំនាញខ្លះមើលឃើញថា ទីក្រុងព្យុងយ៉ាង ហាក់ដូចជាកំពុងលួចចាក់ទីក្រុងសេអ៊ូលពីក្រោយខ្នង តាមរយៈការចាប់ផ្ដើម ការធ្វើតេស្ដម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជាថ្មី កាលពីចុង ខែកុម្ភៈកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍មួយចេញផ្សាយដោយ Jane’s ដែលជាស្ថាប័នព័ត៌មានជំនាញផ្នែកយោធាបានឱ្យដឹងថា រូបភាពផ្កាយរណប ដែលត្រូវបានថតកាលពីថ្ងៃទី២៥ ខែកុម្ភៈ បង្ហាញថា ឧស្ម័នកើតចេញពីប្រតិកម្មគីមី បានភាយចេញពីបំពង់ផ្សែងរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅក្នុងតំបន់ យ៉ុងប្យុន (Yongbyon) ប្រទេសកូរ៉េខាងជើង។ រ៉េអាក់ទ័រមួយនេះត្រូវបានក្រុមអ្នកជំនាញមួយចំនួនជឿជាក់ថា ត្រូវបាន ទីក្រុងព្យុងយ៉ាងប្រើប្រាស់ ដើម្បីចម្រាញ់សារធាតុភ្លុយតូញ៉ូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា របាយការណ៍របស់ Jane’s កើតមានឡើង នៅចំពេលក្រុមមន្ត្រីកូរ៉េខាងត្បូង បានចាប់ផ្ដើមដំណើរការ ការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមេសា ខាងមុខនេះ។ ជំនួបបែបនេះ មិនដែលកើតឡើងឡើយក្នុងរយៈពេលជាង ១០ឆ្នាំ ហើយទីក្រុងព្យុងយ៉ាងក៏ធ្លាប់និយាយបាតដៃខ្នងដៃជាច្រើនលើកផងដែរ ជុំវិញការសន្យាលុបចោលអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ៕