លោក វ្ល៉ាឌីមៀ ពូទីន អំពាវនាវឲ្យប្រជាពលរដ្ឋរុស្ស៊ីទាំងអស់ ទៅបោះឆ្នោតដើម្បីការអភិវឌ្ឍ និងអនាគតជាតិ!
16-03-2018 14:15
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យប្រជាជនរុស្ស៊ីគ្រប់អាយុទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នានៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីអនាគត និងការអភិវឌ្ឍប្រទេសជាតិ។ ការអំពាវនាវរបស់លោក ពូទីន កើតមានឡើងនៅចំពេលដែលគេរំពឹងថា លោកនឹងឈ្នះឆ្នោតសម្រាប់អាណត្តិទី ៤ ហើយបន្តតំណែងជាប្រធានាធិបតីទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងសុន្ទរកថាទៅកាន់ប្រជាជនរុស្ស៊ី នៅថ្ងៃសុក្រនេះ លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ប្រជាជនរុស្ស៊ីជាទីស្រឡាញ់ ក្នុងនាមប្រធានាធិបតីបច្ចុប្បន្ន ខ្ញុំសូមឱ្យអ្នកទំាងអស់គ្នា ទៅបោះឆ្នោតនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយប្រើសិទ្ធិរបស់អ្នក ដើម្បីជ្រើសរើសអនាគតសម្រាប់រុស្ស៊ីដ៏អស្ចារ្យ និងជាទីស្រឡាញ់របស់យើង»។ លោក ពូទីន បន្ថែមថា ផ្អែកលើរដ្ឋធម្មនុញ្ញរុស្ស៊ី ប្រជាជនរុស្ស៊ី គឺជាប្រភពអំណាចតែមួយគត់ រីឯអនាគតរុស្ស៊ី និងក្មេងជំនាន់គឺអាស្រ័យលើប្រជាជនរុស្ស៊ីគ្រប់ៗរូប។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ជាមួយបេក្ខជន ០៧នាក់ ផ្សេងទៀតនៅថ្ងៃអាទិត្យ ទី១៨ ខែមីនានេះ។ ប៉ុន្តែបើតាមការស្ទង់មតិជាច្រើន លោក ពូទីន ត្រូវបានគេរំពឹងថា នឹងឈ្នះក្នុងការបោះឆ្នោតនេះ យ៉ាងភ្លូកទឹកភ្លូកដី៕