(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសវៀតណាម នៅសប្ដាហ៍ក្រោយនេះ ខណៈរូបលោកកំពុងស្វែងរកការគំាទ្រ ពីបណ្ដាប្រទេសនៅក្នុងតំបន់ សម្រាប់ជំនួបរបស់លោកជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើង នៅខែមេសាខាងមុខនេះ។ នេះបើតាមសេចក្តីថ្លែងការពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារ យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
យោងតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ០៣ថ្ងៃ ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយនេះ ហើយបើតាមការគ្រោងទុក ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីវៀតណាម លោក Tran Dai Quang និងមេដឹកនាំវៀតណាមជាច្រើននាក់ទៀត ក្នុងនោះរួមមានទាំង អគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ផងដែរ។ លើសពីនេះទៅទៀត នេះអាចជាដំណើរ ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតទៅកាន់វៀតណាម ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០១៧មក។
គួរបញ្ជាក់ថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់កូរ៉េខាងត្បូង ដែលមានទំហំនាំចេញទៅកាន់វៀតណាមប្រមាណ ៤៧.៧ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧។ ដោយឡែក ក្រោយបញ្ចប់ទស្សនកិច្ចនៅហាណូយ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា លោក មូន ជែអ៊ីន នឹងបន្តបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមីរ៉ាត អារ៉ាប់រួម នៅថ្ងៃសៅរ៍សប្ដាហក្រោយនេះដែរ៕