(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីប្រកាសថា ការចាប់ផ្តើមផលិតយានរ៉ូបូតប្រភេទប្រយុទ្ធ សម្រាប់កងទ័ពរបស់ខ្លួន អាចនឹងត្រូវអនុវត្តន៍នៅឆ្នាំ២០១៨ នេះ ដែលវានឹងជំនួសដៃជើងបានច្រើន ក្នុងការប្រយុទ្ធពេលមានសង្គ្រាម ជំនួសឲ្យកងទ័ព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
«នាពេលកន្លងមកនេះ យើងបានចាប់ផ្តើមអភិវឌ្ឍន៍គ្រឿងយន្តរ៉ូបូតចម្បាំង ហើយការធ្វើតេស្តសាកល្បង ដែលចាំបាច់ផ្សេងៗរបស់ពួកវា កំពុងជិតឈានដល់ការបញ្ចប់ជាស្ថាពរហើយ។ ដូច្នេះខ្ញុំយល់ថាយើងនឹងចាប់ផ្តើមការផលិតពួកវា ក្នុងទ្រង់ទ្រាយធំ ដើម្បីដាក់ឲ្យបម្រើការនៅក្នុងជួរយោធារបស់ប្រទេសរុស្ស៊ី ឆាប់បំផុតនៅក្នុងឆ្នាំនេះតែម្តង។ នេះបើតាមសម្តីរបស់លោក ស៊ឺហ្គៃ សយហ្គូ (Sergei Shoigu) ប្រមុខការពារជាតិរុស្ស៊ី។
គួរជម្រាបថា លោក Shoigu បានធ្វើសេចក្តីប្រកាសខាងលើនេះ បន្ទាប់ពីត្រូវបានក្រុមអ្នកសារព័ត៌មានចោទជាសំណួរ ពាក់ព័ន្ធនឹងសព្វាវុធដែលបញ្ជាពីចម្ងាយ ដោយពុំត្រូវការមនុស្សបើកបរផ្ទាល់ ក្នុងវិស័យយោធារបស់ប្រទេសរុស្ស៊ី នៅឯវេទិកាមួយ ដែលបានប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីម៉ូស្គូ៕