(អាមេរិក)៖ ទីភ្នាក់ងារអវកាសកំពុងតែដុតដៃដុតជើង ជំរុញគម្រោងការកសាងស្ថានីយអវកាស Lunar Orbital Platform-Gateway ដែលជាមូលដ្ឋានមួយដើរតួនាទីសំខាន់បំផុត សម្រាប់ឲ្យក្រុមអវកាសយានិក បោះទីតាំងនៅក្នុងទីអវកាស ក្បែរនឹងឋានព្រះច័ន្ទ ហើយវាជាអ្វីដែលរដ្ឋបាល លោក ដូណាល់ ត្រាំ កំពុងផ្តោតការយកចិត្តទុកដាក់ ខ្លាំងជាងទីបំផុត។ នេះបើតាមការចេញផ្សាយដោយវែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
បើតាម NASA ស្ថានីយ Gateway ដែលមានឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជាកន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារនៅកៀកនឹងព្រះច័ន្ទប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រដល់បេសកកម្មជាច្រើនផ្សេងទៀតផងដែរ ទៅកាន់ឋានព្រះច័ន្ទ និងសូម្បីតែទៅកាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗដទៃទៀត ហើយក្រុមអ្នកវិទ្យាសាស្រ្ត អាចប្រើប្រាស់ឧបករណ៍ដ៏សម្បូរបែប និងទំនើបៗនៅក្នុងស្ថានីយ ដើម្បីសិក្សាតាមដានមើលភពផែនដី និងព្រះអាទិត្យព្រមពេលជាមួយគ្នាថែមទៀត។
គួរជម្រាបថា សេចក្តីស្នើកញ្ចប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០១៩ របស់ NASA បានអំពាវនាវឲ្យចាប់ផ្តើមបញ្ជូន ផ្នែកសំខាន់ដំបូងរបស់ស្ថានីយ Gateway ទៅកាន់ទីអវកាសនាឆ្នាំ២០២២។
ថវិកាជាតិរបស់ NASA គឺមានការផ្តោតសំខាន់ច្រើន ទៅលើការផលិតយាន ដើម្បីធ្វើការចុះចតនៅលើផ្ទៃព្រះច័ន្ទ ដោយក្នុងនោះវាអាចមានយានតូចៗ សម្រាប់បម្រើក្នុងវិស័យពាណិជ្ជកម្មផងដែរ។ លោក Lightfoot បាននិយាយថា «ការបញ្ជូនយានទៅចុះលើផ្ទៃព្រះច័ន្ទ គឺធ្វើទៅតាមការស្នើសុំកាលពីមុន ហើយវានឹងមានចម្លើយនៅក្នុងពេលឆាប់ៗខាងមុខនេះ»។
បេសកកម្មរបស់អង្គការ NASA នៅថ្ងៃអនាគត នឹងមានការតភ្ជាប់ជាច្រើនជាមួយនឹងវិស័យឯកជន និងដៃគូក្នុងស្រុកនានា ដោយ NASA ចង់ឲ្យការរុករកទីអវកាសរបស់ខ្លួន កាន់តែមានសក្តានុពល និងអាចប្រកួតប្រជែងជាមួយវិស័យអវកាសឯកជន ជាពិសេស SpaceX ជាដើម៕