(វ៉ាស៊ីនតោន)៖ លោកស្រី វាន់ណេសា ត្រាំ (Vanessa Trump) ដែលជាកូនប្រសារស្រីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានដាក់ពាក្យសុំលែងលះជាមួយស្វាមីរបស់ខ្លួន គឺលោក ដូណាល់ ត្រាំ ជូនៀ (Donald Trump Jr.) ដែលកំពុងតែរួមរឹតដោយរឿងអាស្រូវ នៃការឃុបឃិតជាមួយមន្ត្រីរុស្ស៊ីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកអាមេរិក លោកស្រី Vanessa Trump បានដាក់ពាក្យបណ្តឹងសុំលែងលះ ទៅកាន់តុលាការកំពូលនៃសង្កាត់មេនហាថាន់ (Manhattan) នៃទីក្រុងញូយ៉ក ដើម្បីបញ្ចប់ចំណងអាពាហ៍ពិពាហ៍រយៈពេល ១៣ឆ្នាំ របស់អ្នកនាងជាមួយនឹងកូនប្រុសច្បងបណ្តូលចិត្ត របស់លោកប្រធានាធិបតីអាមេរិក។ បច្ចុប្បន្ន លោកស្រី វាន់ណេសា និង លោក ត្រាំ ជូនៀ មានវ័យ ៤០ឆ្នាំដូចគ្នា និងមានកូន ០៥នាក់។
គួរជម្រាបថា យោងតាមប្រភពដដែល ចំណងមិត្តមួយរយឆ្នាំរបស់ស្វាមី-ភរិយាមួយគូនេះ បានជួបប្រទះបញ្ហាលំបាកកាន់តែខ្លាំង ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ហើយការសម្រេចចិត្តចុងក្រោយ របស់លោកស្រី Vannessa ដើម្បីបញ្ចប់វានោះ កើតមានឡើង ខណៈដែលលោក Trump Jr. កំពុងទទួលរងសម្ពាធកាន់តែខ្លាំងទៅៗ ពីក្រុមរដ្ឋអាជ្ញាពិសេសរបស់លោក រ៉ូបឺត មូលើ (Robert Mueller) ដែលកំពុងបន្តការស៊ើបអង្កេតយ៉ាងសកម្មបំផុត ទៅលើរឿងអាស្រូវដែលថា មានការឃុបឃិតគ្នារវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី៕