(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តថា នឹងបណ្ដេញទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ម៉ាក់ម៉ាស្ទឺរ (H.R. McMaster) ចេញពីតំណែង។ ប៉ុន្តែការសម្រេចចិត្តនេះ នឹងមិនត្រូវប្រកាសភ្លាមៗនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
Reuters ផ្អែកលើសេចក្ដីរាយការណ៍របស់ Washington Post ដែលទទួលបានការបញ្ជាក់ពីមន្ត្រីអាមេរិកចំនួន ០៥រូប បានឱ្យដឹងថា លោក ត្រាំ សម្រេចចិត្តថា នឹងដកលោក McMaster ចេញពីតំណែង ហើយលោកក៏កំពុងពិចារណាផងដែរ លើបេក្ខភាពដែល អាចជំនួសទីប្រឹក្សាសន្តិសុខជាតិរូបនេះ ក្នុងនោះរួមមានទាំងអតីតអគ្គរដ្ឋទូតអាមេរិក ប្រចំាអង្គការសហប្រជាជាតិ លោក ចន បូលតុន (John Bolton) និងប្រធានការិយាល័យក្រុមប្រឹក្សាសន្តិសុខ UN លោក ខេត ខែលឡុក (Keith Kellogg)។ ប៉ុន្តែខាងសេតវិមានមិនទាន់ធ្វើការ អត្ថាធិប្បាយអ្វីនៅឡើយនោះទេ។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តបណ្ដេញ លោក រិច ធីល្លឺសុន ចេញពីតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយដាក់នាយក CIA លោក Mike Pompeo ឱ្យជំនួសតំណែងនេះវិញ៕