សហរដ្ឋអាមេរិក៖ បាក់ស្ពាននៅរដ្ឋផ្លូរីដា «ផ្តាច់ជីវិតមនុស្ស ០៤នាក់ និងរបួស ១០នាក់» ខណៈមួយចំនួនទៀត កប់ក្រោមគំនរបាក់បែក...
16-03-2018 09:52
(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍រលំបាក់ស្ពានមួយកន្លែង (សម្រាប់អ្នកដំណើរដើរឆ្លងពីលើផ្លូវថ្នល់) នៅក្បែរសាកលវិទ្យាល័យ Florida International University ក្នុងទីក្រុង ម៉ៃអាមី (Miami) នៃរដ្ឋផ្លូរីដា (Florida)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីអាមេរិក ក្រុមអ្នកជួយសង្រ្គោះមកទល់នឹងយប់ថ្ងៃព្រហស្បតិ៍ នៅតែបន្តស្វែងរកជនរងគ្រោះ ដែលគេជឿជាក់បានជាប់នៅក្រោមគំនរស្ពានបាក់បែក ខណៈគេមិនទាន់ដឹងចំនួនពិតប្រាកដ នៃមនុស្សនៅក្រោមស្ពាននេះនៅឡើយទេ។ ស្ពាននេះបានដួលរលំ កាលពីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) ដោយសង្កត់យានយន្ដ យ៉ាងហោចណាស់ ០៨គ្រឿង ចំណែកឯ ប្រធានក្រុមពន្លត់អគ្គិភ័យប្រចំាតំបន់ លោក ដេវ ដូវណេយ (Dave Downey) ក៏បានអះអាងដែរថា មនុស្ស ០៤នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស។
គួរបញ្ជាក់ថា បើតាមគេហទំព័រសាកលវិទ្យាល័យ Florida International University ស្ពានខាងលើដែលបានបាក់រលំ មានទម្ងន់ ៨៦២តោន និងប្រវែង ៥៣ម៉ែត្រ ព្រមទាំងគំរោងសម្ពោធនៅដើមឆ្នាំក្រោយ។ មូលហេតុនៃហេតុការណ៍រលំបាក់ស្ពាននេះ មិនទាន់ត្រូវបានបញ្ជាក់ទេ៕